(សាន់ត្យាហ្គោ)៖ ប្រធានាធិបតីស៊ីលី លោក សេបាស្ទាន ភីណឺរ៉ា (Sebastian Pinera) នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសពីកិច្ចព្រមព្រៀងមួយជាមួយ ក្រុមហ៊ុនផលិតឱសថចិន ខេនស៊ីណូ បាយអូឡូជីក (CanSino Biologics) ដើម្បីទទួលបាននូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលជាផ្នែកមួយនៃយុទ្ធនាការចាក់វ៉ាក់សាំង ដ៏ធំរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។

លោក Pinera បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន CanSino នឹងមកដល់ប្រទេសស៊ីលីនៅក្នុងខែឧសភា និងមិថុនាខាងមុខនេះ ដោយបន្ថែមថាវ៉ាក់សាំងចំនួន ៣៥លានដូសទៀតដែលរដ្ឋាភិបាល និងអង្គការនៃប្រទេសស៊ីលីត្រូវទទួលបានតាមរយៈកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនផ្សេងៗ។

លោក Pinera បានគូសបញ្ជាក់បន្ថែមថា «យើងសង្ឃឹមថា ឆាប់ៗនេះវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន CanSino នឹងត្រូវបានអនុម័តឱ្យប្រើប្រាស់ជាលក្ខណៈ បន្ទាន់ដោយវិទ្យាស្ថានសុខភាពសាធារណៈរបស់យើង ហើយនឹងអាចពង្រឹង និងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងដ៏ធំរបស់យើង។ ដូច្នេះការចាក់វ៉ាក់សាំងនេះ អាចនឹងឈានដល់ក្រុមមនុស្សវ័យក្មេងជំនាន់ក្រោយបានកាន់តែលឿន»

បើតាមការិយាល័យរបស់ប្រធានាធិបតីស៊ីលី វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន CanSino ដែលត្រូវការចាក់តែមួយដូសនេះ ត្រូវបានអនុម័តឱ្យប្រើប្រាស់រួចហើយ នៅក្នុងប្រទេសចិន ម៉ិចស៉ីកូ ប៉ាគីស្ថាន និងហុងគ្រី ហើយបច្ចុប្បន្ននេះ ប្រទេសស៊ីលី បាន និងកំពុងធ្វើការតេស្តសាកល្បងដំណាក់កាលទី៣ នៃវ៉ាក់សាំងនេះ ដែលដឹកនាំដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យឈានមុខគេមួយចំនួន។

គួរបញ្ជាក់ថា ប្រទេសអាមេរិកខាងត្បូងមួយនេះ បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនយ៉ាងហោចណាស់សម្រាប់ដូសដំបូងរបស់ពួកគេចំនួន ៦.៥៨លាននាក់ហើយ ដោយសង្ឃឹមថា នឹងចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួនប្រមាណ ១៥លាននាក់ ឬ ៨០ភាគរយនៃចំនួនប្រជាជនសរុបនៅឆមាសទី១ នៃឆ្នាំ២០២១នេះ៕