(តូក្យូ)៖ ប្រទេសជប៉ុនបានប្រកាសថា ខ្លួនកំពុងរៀបចំផ្អាក ការផ្តល់ជំនួយថ្មីបន្ថែមទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាការឆ្លើយតបនឹងរដ្ឋប្រហារយោធា ប៉ុន្តែជប៉ុននឹងមិនដាក់ទណ្ឌកម្មលើ បណ្តាមន្ត្រីកំពូលៗក្នុងរបបយោធាមីយ៉ាន់ម៉ា ដូចបណ្តាប្រទេសធំៗមួយចំនួនបានធ្វើនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នារសៀលថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។

ជុំវិញការសម្រេចចិត្តខាងលើនេះ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក តូស៊ីមីតស៊ូ ម៉ូតេគិ (Toshimitsu Motegi) បានលើកឡើងថា «ជប៉ុនគឺជាម្ចាស់ជំនួយសេដ្ឋកិច្ច ដ៏ធំបំផុតសម្រាប់ប្រទេសមីយ៉ាន់់ម៉ា។ តើជប៉ុនមានគោលជំហរអ្វី ពាក់ព័ន្ធនឹងជំនួយផ្នែកសេដ្ឋកិច្ច? នោះគឺគ្មានជំនួយថ្មីទៀតទេ (សម្រាប់មីយ៉ាន់ម៉ា)។ យើងកំពុងឈរលើគោលជំហរដ៏ច្បាស់លាស់មួយ។ តើគោលនយោបាយបែបណា ទើបមានប្រសិទ្ធភាពសម្រាប់មីយ៉ាន់ម៉ា? ខ្ញុំគិតថាចម្លើយគឺច្បាស់លាស់ហើយនៅពេលនេះ។ វាមិនមែនទាល់តែដាក់ទណ្ឌកម្ម ទើបថាជាការព្រមាន ហើយការមិនដាក់ទណ្ឌកម្ម មិនមែនជាការព្រមាននោះឡើយ»

កន្លងមកនេះចក្រភពអង់គ្លេស, សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក សុទ្ធតែបានប្រកាសរួចទៅហើយអំពីការ ថ្កោលទោស, ដាក់ទណ្ឌកម្ម និងផ្អាករាល់ជំនួយនានា ទៅកាន់របបដឹកនាំយោធាមីយ៉ាន់ម៉ា។ ប៉ុន្តែសម្រាប់ប្រទេសជប៉ុន ដែលមានទំនាក់ទំនងសេដ្ឋកិច្ចដ៏ធំធេង ជាមួយមីយ៉ាន់ម៉ា និងទំនាក់ទំនងយូរអង្វែង ជាមួយយោធាប្រទេសនេះវិញនោះ បានជ្រើសរើសមិនចាត់វិធានការ ដាក់ទណ្ឌកម្មដោយផ្ទាល់ បន្ថែមពីលើការផ្តាច់ជំនួយដូចពេលនេះឡើយ។

គួរបញ្ជាក់ថា ជនស៊ីវិលនៅមីយ៉ាន់ម៉ាជាង ៥០០នាក់ហើយបានស្លាប់ គិតចាប់តាំងពីការផ្ទុះបាតុកម្ម និងបង្ក្រាបជាបន្តបន្ទាប់ ក្រោយរដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ត្រូវបានយោធាធ្វើរដ្ឋប្រហារ ទម្លាក់ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ ជប៉ុនកន្លងមកនេះ ក៏ធ្លាប់បានរិះគន់រដ្ឋប្រហារ នៅមីយ៉ាន់ម៉ាផងដែរ និងអំពាវនាវឲ្យស្តារលទ្ធិប្រជាធិបតេយ្យ នៃប្រទេសអាស៊ានមួយនេះឡើងវិញ។ ប៉ុន្តែស្របពេលជាមួយគ្នានោះ ទីក្រុងតូក្យូក៏បានប្រឈមមុខផងដែរ ទៅនឹងការអំពាវនាវ ឲ្យចាត់វិធានការខ្លាំងជាងនេះបន្ថែមទៀត ទៅលើរបបយោធាមីយ៉ាន់ម៉ា៕