(ព្រុចសែល)៖ បណ្ដាប្រទេសជាម្ចាស់ជំនួយនៅថ្ងៃអង្គារសប្ដាហ៍នេះ បានសន្យាផ្តល់កញ្ចប់ថវិកាជំនួយសរុបចំនួន ៦.៤ពាន់លានដុល្លារអាមេរិក សម្រាប់ប្រទេសស៉ីរី និងជនភៀសខ្លួននៅក្នុងប្រទេសជិតខាង ដែលចំនួននេះគឺតិចជាងគោលដៅ ដែលអង្គការសហប្រជាជាតិ (UN) ចង់បាន ដើម្បីដោះស្រាយបញ្ហាចាំបាច់នានា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅរសៀលថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។

អង្គការសហប្រជាជាតិ (UN) សង្ឃឹមថា នឹងប្រមូលបានថវិកាជំនួយចំនួន ១០ពាន់លានដុល្លារអាមេរិក នៅក្នុងសន្និសីទតាមវីដេអូអនឡាញរយៈពេល ០២ថ្ងៃ ខណៈការឆ្លងរីករាលដាលនៃជំងឺ COVID-19 បានជួយជំរុញឱ្យមានការកើនឡើងនូវចំនួនមនុស្ស ដែលត្រូវការជំនួយកើនដល់កម្រិតខ្ពស់ថ្មីមួយ បន្ទាប់ពីជម្លោះដែលត្រូវបានអូសបន្លាយ អស់រយៈពេលមួយទសវត្សរ៍មកហើយ។

ស្នងការគ្រប់គ្រងវិបត្តិរបស់សហភាពអឺរ៉ុប (EU) លោកស្រី Janez Lenarcic បានគូសបញ្ជាក់ថា ថវិកាជំនួយចំនួន ៤,៤ពាន់លានដុល្លារអាមេរិក ត្រូវបានសន្យាផ្ដល់ជូនសម្រាប់ឆ្នាំ២០២១ និង ២ពាន់លានដុល្លារអាមេរិកទៀតសម្រាប់ឆ្នាំ២០២២ ហើយបណ្ដាប្រទេសម្ចាស់ជំនួយ ក៏បានផ្តល់ជូនប្រាក់កម្ចីចំនួន ៧ពាន់លានដុល្លារអាមេរិកទៀតផងដែរ។

ការធ្លាក់ចុះនៃថវិកាជំនួយ ពីបណ្ដាប្រទេសម្ចាស់ជំនួយជាង ៥០ នៅក្នុងសន្និសីទទីក្រុងព្រុចសែល (Brussels) លើកទី ៥ ស្តីពីប្រទេសស៉ីរី ដែលសហការរៀបចំឡើងដោយសហភាពអឺរ៉ុប (EU) និង UN ត្រូវបានរិះគន់ភ្លាមៗ ដោយអង្គការជំនួយអន្តរជាតិ ដែលកំពុងធ្វើការនៅក្នុងប្រទេសស៉ីរី។

លោក មូតាស៍ អាដាម (Moutaz Adham) ប្រធានអង្គការអុកស៍ហ្វាម (Oxfam) ប្រចាំនៅប្រទេសស៉ីរីបានគូសបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ថវិកាជំនួយដែលបានសន្យាផ្ដល់ជូននោះ បានបញ្ជាក់ពីភាពភ័យខ្លាច ដែលម្ចាស់ជំនួយមិនស្តាប់ការអង្វរករ របស់ប្រជាជនស៉ីរីរាប់លាននាក់ ដែលបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ និងបានបាត់បង់ជីវិត ដោយសារតែជម្លោះរយៈពេល ១០ឆ្នាំមកនេះ។ មនុស្សជាច្រើនបានថ្លែងនៅក្នុងសន្និសីទទីក្រុង Brussels ថា ឥឡូវនេះថវិកាជំនួយដែលយើងត្រូវការជាចាំបាច់បំផុត គឺច្រើនជាងពេលណាៗទាំងអស់។ តែថវិកាជំនួយនេះ បានផ្ញើសារដ៏សែនក្រៀមក្រំទៅកាន់បណ្តាអ្នក ដែលកំពុងព្យាយាមស្វែងរកអនាគត បន្ទាប់ពីភាពងងឹត និងភាពអស់សង្ឃឹមអស់រយៈពេល ១០ឆ្នាំ»

បើតាមមន្ត្រី UN ថវិកាដែលទទួលបាន នៅក្នុងឆ្នាំ២០២១នេះ គឺនឹងត្រូវប្រើប្រាស់ដើម្បីទ្រទ្រង់សមកម្មភាពផ្តល់ជំនួយមនុស្សធម៌ នៅក្នុងប្រទេសស៉ីរី និងជួយដល់ជនភៀសខ្លួនដែលកំពុងជ្រកកោន នៅក្នុងប្រទេសមួយចំនួនក្នុងតំបន់។ ក្រៅពីការសម្រេចផ្តល់ជំនួយមនុស្សធម៌ ៦.៤ពាន់លានដុល្លារ បណ្តាប្រទេសជាម្ចាស់ជំនួយទាំង ៥០ ក៏បានសម្រេចផ្តល់ជាប្រាក់កម្ចីសរុប ៧ពាន់លានដុល្លារផងដែរ៕