(បរទេស)៖ រូបភាពមួយចំនួនពីយាន ភើសេវើរិនស៍ (Perseverance) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលកំពុងស្ថិតនៅលើភពអង្គារ (Mars) បានបង្ហាញឲ្យឃើញថា កូនឧទ្ធម្ភាគចក្រ អ៉ីនជែនញូអ៉ីធី (Ingenuity) បានចាប់ផ្តើមពន្លាតខ្លួន និងស្លាបចក្ររបស់វាហើយ ដើម្បីត្រៀមហោះហើរនៅខែមេសាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ វែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។

កូនឧទ្ធម្ភាគចក្រ Ingenuity ត្រូវគេរំពឹងថា នឹងអាចផ្តាច់ខ្លួនចេញពីក្រោមយាន Perseverance បានឆាប់ៗ ហើយព្យាយាមធ្វើការហោះហើរ ជាលើកដំបូងរបស់វានៅទីនោះ បើលឿនបំផុតគឹនៅខ្ទង់ថ្ងៃទី០៨ ខែមេសា យោងតាមអង្គការ NASA ហើយវានឹងជាព្រឹត្តិការណ៍លើកទីមួយ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិយើង ដែលយានដូចជា Ingenuity ហោះធ្វើដំណើរលើផ្ទៃអាកាស នៅទីឋានដទៃទៀតក្រៅពីភពផែនដី។

ខណៈយានកង់ ០៦ ឈ្មោះ Perseverance មានបេសកកម្មធំ គឺស្វែងរកដាននៃលទ្ធភាពទ្រទ្រង់ជីវិត នៅតំបន់រណ្តៅ ចេហ្សេរ៉ូ (Jezero) របស់ភពអង្គារ ដែលអ្នកវិទ្យាសាស្រ្តជឿថា ធ្លាប់សម្បូរហូរហៀរទៅដោយទឹក អំឡុងអាយុកាលដំបូងៗរបស់ភពនេះ ព្រមទាំងប្រមូលគំរូតាងល្អៗទុក សម្រាប់ឲ្យបេសកកម្មក្រោយៗនាំយកមកកាន់ផែនដី បេសកកម្មរបស់កូនឧទ្ធម្ភាគចក្រ Ingenuity នឹងបម្រើជាការសាកល្បងបច្ចេកវិទ្យា ដែលអាចផ្តល់លទ្ធភាពថ្មីបន្ថែមទៀត សម្រាប់ការងាររុករកនៅលើភពអង្គារ។

គួរបញ្ជាក់ថា កូនឧទ្ធម្ភាគចក្រ Ingenuity បានចុះទៅដល់លើផ្ទៃភពអង្គារ ជាមួយយាន Perseverance កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅ៕