(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) នៅថ្ងៃអង្គារសប្ដាហ៍នេះបានសន្យាថា ទីក្រុងវ៉ាស៊ីនតោននឹងនិយាយពីបញ្ហាសិទ្ធិមនុស្ស នៅគ្រប់ទីកន្លែងទាំងក្នុងប្រទេសជាសម្ព័ន្ធមិត្ត ឬក៏នៅក្នុងសហរដ្ឋមេរិកផ្ទាល់ ហើយនេះជាការបើកទំព័រសករាជថ្មីមួយ បន្ទាប់ពីការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលមិនសូវខ្វាយខ្វល់ពីសិទ្ធិមនុស្ស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។

ការសន្យាខាងលើរបស់លោក Antony Blinken ធ្វើឡើងកំឡុងធ្វើបទបង្ហាញពីរបាយការណ៍សិទ្ធិមនុស្ស ជាលើកដំបូងរបស់ក្រសួងការបរទេសអាមេរិក នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន។ ក្នុងនាឱកាសនោះ ប្រមុខការទូតអាមេរិកបានគូសបញ្ជាក់ថា «មនុស្សមួយចំនួនបាននិយាយថា វាគ្មានតម្លៃអ្វីសម្រាប់ឱ្យសហរដ្ឋអាមេរិក និយាយពេញទំហឹងពីសិទ្ធិមនុស្ស ហើយក៏មានអ្នកខ្លះទៀតនិយាយដែរថា យើងគួរតែលើកឡើងពីការរំលោភសិទ្ធិមនុស្ស តែនៅក្នុងប្រទេសដែលយើងចុចឈ្មោះទៅបានហើយ ឬក៏និយាយតែនៅពេលវា ពាក់ព័ន្ធប្រយោជន៍ជាតិរបស់យើងតែប៉ុណ្ណោះ។ ប៉ុន្តែពួកគេបានយល់ខុស ព្រោះការឈរដើម្បីសិទ្ធិមនុស្សនៅគ្រប់ទីកន្លែង គឺស្ថិតនៅក្នុងផលប្រយោជន៍របស់សហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា នៅក្នុងការធ្វើបទបង្ហាញពីរបាយការណ៍សិទ្ធិមនុស្ស លោក Antony Blinken ក៏បានសម្ដែងការព្រួយបារម្ភផងដែរ ចំពោះស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាទីដែលកងកម្លាំងសន្តិសុខនៃរបបយោធា បានបាញ់សម្លាប់បាតុករច្រើនជាង ៥២០នាក់ហើយ ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈមក។ យ៉ាងណាក៏ដោយ ប្រទេសមួយចំនួនក៏តែងតែធ្វើការវាយប្រហារ ទៅលើបញ្ហាសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកវិញដូចគ្នា ជាពិសេសគឺការបាញ់ប្រហារសម្លាប់មនុស្សជារឿយៗ ដោយសារតែការរើសអើងជាតិសាសន៍ដ៏ចាក់ឬស និងពិបាករកដំណោះស្រាយ៕