(បាងកក)៖ មហាសេដ្ឋីថៃ និងជាឥស្សរជនប្រឆាំងដ៏លេចធ្លោម្នាក់នៅថ្ងៃអង្គារនេះ ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ព្រះមហាក្សត្រថៃ បន្ទាប់ពីលោកបានចោទសួរពីការពឹងផ្អែករបស់រដ្ឋាភិបាលលើវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតដោយក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយគ្រួសាររាជវង្ស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានបារាំង AFP នៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។

លោក Thanathorn Juangroongruangkit ជាស្ថាបនិកនៃគណបក្សអនាគតឆ្ពោះទៅមុខដែលត្រូវបានតុលារំលាយ បានបង្ហោះវីដេអូនៅលើហ្វេសប៊ុកកាលពីខែមករាកន្លងទៅ ដោយលោកបានចោទជាសំនួរជុំវិញថា តើរដ្ឋាភិបាលថៃបានពឹងផ្អែកខ្លាំងកម្រិតណាទៅលើក្រុមហ៊ុនថៃ សៃយ៉ាម បាយអូសាយអិន (Siam Bioscience) ដែលជាកម្មសិទ្ធិរបស់ស្តេច សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួននោះ?

តុលាការព្រហ្មទណ្ឌទីក្រុងបាងកកនៅថ្ងៃអង្គារនេះបានសម្រេចចោទប្រកាន់លោក Thanathorn ពីបទប្រមាថព្រះមហាក្សត្រ និងឧក្រិដ្ឋកម្មកុំព្យូទ័រលើវីដេអូនោះ ប៉ុន្តែលោកបានបដិសេធ។

នៅក្រៅតុលាមហាសេដ្ឋីវ័យក្មេងរូបនេះ បានលើកឡើងថា«អ្វីទាំងនោះវាមានលទ្ធផលវិជ្ជមានទៅវិញទេ សម្រាប់លើកទឹកចិត្តរដ្ឋាភិបាលឲ្យវាយតម្លៃគោលនយោបាយវ៉ាក់សាំងឡើងវិញ ដើម្បីគ្រប់គ្រងស្ថានការណ៍ COVID-19 ឲ្យបានល្អ។ វាគ្មានអ្វីត្រូវព្រួយបារម្ភទេ»។

គួរបញ្ជាក់ថា អ្នកដែលត្រូវបានផ្តន្ទាទោសតាមច្បាប់បរិហារកេរ្តិ៍យ៉ាងតឹងរឹងរបស់ប្រទេសថៃ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំសម្រាប់បទចោទប្រកាន់មួយ៕