(ហាណូយ)៖ នៅថ្ងៃអង្គារនេះ តុលាការនៅប្រទេសវៀតណាម បានផ្តន្ទាទោសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Facebook ម្នាក់ ឲ្យជាប់ពន្ធនាគាររយៈពេលរហូតដល់១០ឆ្នាំ ក្រោយរកឃើញថាមានទោសពី បទចែកចាយការឃោសនាការប្រឆាំងរដ្ឋអំណាច នៅលើបណ្តាញទំនាក់ទំនងសង្គម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។

បុគ្គលខាងលើ ដែលមានឈ្មោះ Vu Tien Chi អាយុ៥៥ឆ្នាំ ត្រូវបានតុលាការវៀតណាមប្រកាសផ្តន្ទាទោស ក្នុងសវនាការនាថ្ងៃអង្គារនេះ ដែលប្រព្រឹត្តទៅនៅខេត្ត Lam Dong។ បុគ្គលរូបនោះ រងការចោទប្រកាន់ថា បានចែកចាយសារចំនួន៣៣៨សារ និងវីដេអូចំនួន១៨១ឃ្លីប នៅលើគណនីបណ្តាញសង្គមរបស់ខ្លួន ដើម្បីបំភ្លៃនិងបង្ខូចមុខមាត់រដ្ឋអំណាច ហើយធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ នៃបក្សកុម្មុយនិស្តវៀតណាម និងរបស់រដ្ឋអំណាចទាំងមូល។

គួរបញ្ជាក់ថា បុគ្គល Vu Tien Chi ត្រូវបានប៉ូលិសវៀតណាមចាប់ខ្លួន កាលពីខែមិថុនា ឆ្នាំមុន។ ដោយឡែក នាថ្ងៃអង្គារនេះ ក៏មានមនុស្ស ០៣នាក់ផ្សេងទៀត ត្រូវឡើងសវនាការនៅឯខេត្ត Khanh Hoa ជុំវិញការចោទប្រកាន់ទាក់ទឹងទៅនឹង បទប្រឆាំងរដ្ឋអំណាចស្រដៀងគ្នាដែរ៕