(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ០៤នៅអាស៊ានមានដូចជា សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន បានទទួលការអញ្ជើញពីលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ឲ្យមកបំពេញទស្សនកិច្ច នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០២ ខែមេសា។ នេះបើតាមការការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។

សម្រាប់រដ្ឋមន្ត្រីការបរទេសមកពីប្រទេសអាស៊ានចំនួន ០៤ខាងលើនេះមានដូចជា រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក វីវាន បាឡាគ្រីសណាន់ (Vivian Balakrishnan), រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក ហ៊ីសាមមូដទីន ហ៊ូស្សេន (Hishammuddin Hussein), រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី រ៉េតណូ ម៉ាស៊ូទី (Retno Marsudi) និងរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក ធីអូដូរ៉ូ ឡក់ស៊ីន (Teodoro Locsin)។

គួរបញ្ជាក់ថា គោលដៅចម្បងនៃកិច្ចប្រជុំខាងលើនេះ មិនទាន់ត្រូវបានបញ្ជាក់នោះឡើយ ប៉ុន្តែវានឹងត្រូវធ្វើឡើងនៅចំពោះមុខ ការឆ្លងរាតត្បាត COVID-19 នៅតំបន់អាស៊ីអាគ្នេយ៍ កំពុងតែកើនឡើងនៅឡើយ ជាពិសេសនៅប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី ព្រមទាំងបញ្ហានយោបាយដ៏ក្តៅគគុក នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ៕