(ប្រេស៉ីឡា)៖ ប្រធានាធិបតីប្រេស៊ីល លោក ហ៊្សែរ បូលសូណារ៉ូ (Jair Bolsonaro) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅប្រេស៉ីឡា) បានតែងតាំងលោក Carlos Alberto Franco Franca ឱ្យកាន់តំណែងជារដ្ឋមន្រ្តីការបរទេសប្រេស៉ីលជំនួសលោក Ernesto Araujo នៅក្នុងការរុះរើគណៈរដ្ឋមន្រ្តី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។

លោក Araujo ត្រូវបានបង្ខំឱ្យចុះចេញពីតំណែង បន្ទាប់ពីសមាជិកសភា និងអ្នកការទូតជាន់ខ្ពស់ប្រេស៊ីលជាង ៣០០នាក់ បានចុះហត្ថលេខាលើលិខិតមួយ ដែលអំពាវនាវឱ្យបណ្តេញលោករដ្ឋមន្ត្រីរូបនេះ ចេញពីតំណែង ដោយបានចោទប្រកាន់លោកថា គោលនយោបាយការបរទេសរបស់លោក បានប្រឆាំងនឹងផលប្រយោជន៍ជាតិ និងកិច្ចពិភាក្សាអំពីការទទួលបាននូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយពួកគេបានចាត់ទុកថា នេះជាការប្រព្រឹត្តមិនត្រូវគ្នានឹងគោលការណ៍រដ្ឋធម្មនុញ្ញ និងក្រមមូលដ្ឋាននៃទំនាក់ទំនងការបរទេស។

លិខិតខាងលើ ដែលត្រូវបានផ្តួចផ្តើមឡើងរួមគ្នា ដោយឯកអគ្គរដ្ឋទូតប្រេស៉ីលចំនួន១០រូប បានអះអាងថា ជំហរគោលនយោបាយរបស់លោក Araujo បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងអន្តរជាតិ និងមុខមាត់ជាតិរបស់ប្រទេសប្រេស៊ីល។ ចាប់តាំងពីលោក Araujo ឡើងកាន់តំណែងកាលពីខែមករា ឆ្នាំ២០១៩ មក ទំនាក់ទំនងការបរទេសរបស់ប្រទេសប្រេស៊ីល ត្រូវបានកត់សម្គាល់ដោយការរឹតបន្តឹងចំណងមិត្តភាព ជាមួយសហរដ្ឋអាមេរិក និងការសន្ទនាគ្នាយ៉ាងតឹងរ៉ឹង ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត របស់ប្រទេសប្រេស៊ីល។

គួរបញ្ជាក់ថា លោក Franca អាយុ ៥៦ឆ្នាំ ដែលត្រូវកាន់តំណែងជារដ្ឋមន្រ្តីការបរទេសប្រេស៉ីលថ្មីជំនួសលោក Araujo នេះ គឺជាអ្នកការទូតកំពូលម្នាក់ ដែលធ្លាប់បានបំពេញការងារ ខាងផ្នែកពិធីការនៅក្រសួងការបរទេសប្រេស៉ីល ហើយធ្លាប់បានបម្រើជាទូតប្រេស៉ីល ប្រចាំនៅសហរដ្ឋអាមេរិក ប៉ារ៉ាហ្គាយ និងប្រទេសបូលីវី ផងដែរ៕