(អ៊ុយរ៉ាហ្គាយ)៖ ប្រធានាធិបតីអ៉ុយរ៉ាហ្គាយ លោក ល្វីស ឡាកាលេ ពូ (Luis Lacalle Pou) នៅថ្ងៃចន្ទសប្ដាហ៍នេះបានទទួលការចាក់វ៉ាក់សាំង COVID-19 ដូសដំបូង ដែលផលិតឡើងដោយក្រុមហ៊ុនចិន Sinovac។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។

អ៉ុយរ៉ាហ្គាយបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនរបស់ខ្លួនកាលពីថ្ងៃទី០១ ខែមីនាកន្លងទៅនេះ ហើយលោក ឡាកាលេ ពូ ក៏បានប្រកាស ដែរថាលោកនឹងទទួលការចាក់វ៉ាក់សាំងជាការបង្ហាញពីទំនុកចិត្តចំពោះសុវត្ថិភាពនៃវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុនចិន Sinovac។

គួរបញ្ជាក់ថា មកទល់នឹងថ្ងៃចន្ទសប្ដាហ៍នេះ អ៉ុយរ៉ាហ្គាយបានចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនរបស់ខ្លួនបានច្រើនជាង ៥៣០,០០០នាក់ ឬជិតស្មើនឹង ១៥ភាគរយនៃប្រជាជនសរុប។ អ៉ុយរ៉ាហ្គាយមានអ្នកឆ្លង COVID-19 ចំនួន ៩៩,៥៨៤នាក់ ក្នុងនោះស្លាប់ ៩២៨នាក់ និងជាសះស្បើយឡើងវិញ ៧៩,៤១០នាក់៕