(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអង្គារនេះបានរាយការណ៍ ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤៨ករណីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។

ជំនួយការអ្នកនាំពាក្យ CCSA លោកស្រី អភិសាម៉ៃ ស្រីរាំងសុន (Apisamai Srirangson) បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៤៨នាក់ខាងលើនេះមាន ២៧នាក់ជាករណីឆ្លងសហគមន៍ និង ២១នាក់ជាករណីនាំចូលពីក្រៅប្រទេស។ តំបន់ដែលបានរកឃើញអ្នកឆ្លង COVID-19 ច្រើនជាងគេនៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ គឺទីក្រុងបាងកក ដែលមានចំនួន ១៤នាក់។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៨,៨២១ករណី ក្នុងនោះមានអ្នកស្លាប់ ៩៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ២៧,៣៧៩នាក់។ ក្នុងរយៈពេលជិត ១សប្តាហ៍ចុងក្រោយនេះ ប្រទេសថៃត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះវិញ នូវករណីឆ្លងក្នុងស្រុកគួរឲ្យកត់សម្គាល់៕