(រ៉ង់ហ្គូន)៖ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស នៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអង្គារនេះបានរាយការណ៍ថា មនុស្សជាង ៥០០នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាប ដោយកងកម្លាំងសន្តិសុខនៃរបបយោធា ទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារ និងទាមទារលទ្ធិប្រជាធិបតេយ្យមកវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។

ចំនួនមនុស្សស្លាប់នៅតែបន្តកើនឡើង ខណៈប្រទេសមហាអំណាចនានា បានបង្កើនការថ្កោលទោសរបស់ពួកគេ ចំពោះការបង្ក្រាបដ៏សាហាវឃោរឃៅរបស់យោធា ប្រឆាំងនឹងចលនាទាមទារការស្តារលទ្ធិប្រជាធិបតេយ្យ និងការដោះលែងលោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi)។

ទីក្រុងវ៉ាស៊ីនតោនបានផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសមីយ៉ាន់ម៉ា ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) ក៏បានអំពាវនាវឱ្យមានការរួបរួមគ្នាជាសកល ដើម្បីដាក់សម្ពាធលើរបបយោធា បន្ទាប់ពីក្រុមបាតុករជាង ១០០នាក់ ត្រូវបានសម្លាប់កាលពីចុងសប្តាហ៍មុន នៅក្នុងអំពើហិង្សាដ៏បង្ហូរឈាមនេះ។

ការប្រមូលផ្តុំគ្នាជារៀងរាល់ថ្ងៃនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដោយក្រុមបាតុករដែលគ្មានអាវុធ ត្រូវបានប្រឈមជាមួយឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងគ្រាប់កាំភ្លើងពិត ដែលប្រើប្រាស់ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា និងបានបង្ករឱ្យមានការស្លាប់ និងរងរបួសជាច្រើន។ នេះបើតាមក្រុមអង្កេតស្ថានការណ៍នៅមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា បើតាមសមាគមផ្ដល់ជំនួយ សម្រាប់អ្នកទោសនយោបាយ (AAPP) ការស្លាប់របស់ជនស៊ីវិលសរុបគិតត្រឹមថ្ងៃអង្គារនេះ មានចំនួន ៥១០នាក់ ប៉ុន្តែចំនួនពិតប្រាកដប្រហែលជាខ្ពស់ជាងនេះ។ ដោយឡែកក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) នឹងរៀបចំកិច្ចប្រជុំមួយ នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ពាក់ព័ន្ធនឹងវិបត្តិនៅមីយ៉ាន់ម៉ា៕