(ប៉េកាំង)៖ លោកតា អែលខិន អៃហ្សឺ ដែលមានអាយុ៥៥ឆ្នាំជាកសិករដាំដំណាំកប្បាសនៅស្រុក វីលី ភូមិភាគស៊ីនជាំង លោកតាខិតខំប្រឹងប្រែងដាំដំណាំកប្បាស ដែលមានទំហំជាង១០ហិតា ជារៀងរាល់ឆ្នាំអាចទទួលបានចំណូលប្រហែល១០ម៉ឺនយាន់ប្រាក់ចិន។ ប៉ុន្តែ ជីវភាពដ៏ធូរធារនិងមានសុភមង្គលបែបនេះជិតនឹងបញ្ចប់ ពីព្រោះរោងចក្រនៅក្បែរផ្ទះរបស់លោកតា ប្រហែលជាលែងប្រមូលទិញកប្បាសរបស់លោកតាទៀតទេ។

នាពេលថ្មីៗកន្លងទៅនេះ ម៉ាកបរទេសមួយចំនួនដូចជាក្រុមហ៊ុន H&M និង NIKE ជាដើមបានអះអាងថានៅតំបន់ស៊ីនជាំងមានបញ្ហា «បង្ខិតបង្ខំឱ្យធ្វើពលកម្ម» ដូច្នេះ ក្រុមហ៊ុនទាំងនេះបដិសេធមិនប្រើប្រាស់ផលិតផលកប្បាសរបស់ស៊ីនជាំង។ ក្នុងរយៈពេលមុននេះមិនជាយូរប៉ុន្មាន អ្នកទទួលខុសត្រូវនៃសហគ្រាសផលិតផលកប្បាស មួយចំនួននៃតំបន់ស៊ីនជាំងក៏បានបង្ហាញថាតាំងពីឆ្នាំមុនរៀងមក ការបញ្ជាទិញនាំចេញផលិតផលកប្បាសទៅបរទេសដែលបានចុះហត្ថលេខារួចជាស្រេច ស្រាប់តែត្រូវលុបបំបាត់ចោលទាំងអស់។

តើបានកើតមានបញ្ហាអ្វីខ្លះ? មូលហេតុគឺដោយមកពី The Better Cotton Initiative ហៅកាត់ BCI បានប្រកាសកាលពីខែសីហា ឆ្នាំ២០២០ថាលុបចោលការបញ្ជាក់ និងការធានាដោយគ្មានពេលកំណត់ចំពោះសហគ្រាសផលិតកប្បាសរបស់ស៊ីនជាំង។ ហេតុអ្វីបានជាអង្គការ BCI បានធ្វើសេចកី្តសម្រេចចិត្តបែបនេះ មូលហេតុគឺថា អង្គការ BCI សម្គាល់ឃើញថាក្នុងសហគ្រាសផលិតកប្បាសនៃស៊ីនជាំងមានបញ្ហា «បង្ខិតបង្ខំឱ្យធ្វើពលកម្ម»

ប៉ុន្តែអ្វីដែលគួរឱ្យអ្នកផងមិនយល់សោះ គឺអ្នកនយោបាយអាមេរិកនិងលោកខាងលិចមួយចំនួន មិនអើពើនឹងពូជសាសន៍និយមដែលមានភាពកាន់តែធ្ងន់ធ្ងរ ឡើងក្នុងប្រទេសខ្លួន ហេតុអ្វីបែរជាយកចិត្តទុកដាក់ដល់សិទ្ធិមនុស្សនៃប្រជាជនតំបន់ស៊ីនជាំងដែលនៅឆ្ងាយពីគ្នា? តាមពិតទៅ នៅប្រទេសចិនការខិតខំឧស្សាហ៍ ព្យាយាម ដើម្បីមានជីវភាពធូរធារគឺជាគំនិតដែលប្រជាជនចិនលើកតម្កើង និងគោរពជាប់រហូតមក ហើយក៏ជាកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសចិនផងដែរ។ រីឯរំលឹកឡើងវិញពីប្រវតិ្តសាស្ត្រអភិវឌ្ឍន៍នៃអាមេរិកនិងលោកខាងលិចអាចឃើញថា «ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម» ជាទំព័រងងឹតដែលមិនអាចលុបចោលបាន។

ឧទាហរណ៍ដូចជានៅអាមេរិក នៅដើមសតវត្សរ៍ទី១៨ យោងតាមមុខរបរដាំដំណាំកប្បាសនៃប្រទេសអាមេរិកទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស មនុស្សស្បែកខ្មៅ ជាច្រើនត្រូវជួញដូរទៅកាន់តំបន់ខាងត្បូងរបស់អាមេរិក ដើម្បីបង្ខំឱ្យពួកគេបេះកប្បាស។ ទាសករទាំងនេះត្រូវបង្ខំធ្វើពលកម្មនៅក្រោមខ្សែតីរបស់ម្ចាស់ចំការ ហើយគ្មានប្រាក់ចំណូលនិងមានជីវភាពអាក្រក់បំផុត។ ពេលថ្មីៗកន្លងទៅនេះ វេបសាយ Russia Today បានចង្អុលបង្ហាញយ៉ាងច្បាស់ពីការលាក់ពុត និងគួរឱ្យអស់សំណើចរបស់អាមេរិកដែលចង់ដាក់ទណ្ឌកម្មទៅលើប្រទេសចិនដោយយកសិទ្ធិមនុស្សនៃតំបន់ស៊ីនជាំងជាលេសដោយបានផ្សាយអត្ថបទថា «និយាយចំពោះអាមេរិកដែលធ្វើពុតទៅយកចិត្តទុកដាក់ទៅលើសុខមាលភាពរបស់ប្រជាជនមូស្លឹមនៃប្រទេសចិន ប្រតិកម្មសមហេតុសមផលតែមួយគត់ គឺគួរឱ្យអស់សំណើចនិងនិយាយផ្គើន»

ការពិតជាក់ស្តែងបានបញ្ជាក់ថាអ្នកនយោបាយអង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធសារព័ត៌មានមួយចំនួនតូចរបស់អាមេរិកនិងលោកខាងលិច បើមើលពីសំបកក្រៅ គឺយកចិត្តទុកដាក់ដល់បញ្ហាសិទ្ធិមនុស្ស ប៉ុន្តែតាមពិតទៅ គឺប្រឆាំងសិទ្ធិមនុស្សដោយយកសិទ្ធិមនុស្សជាលេស ដែលប៉ុនប៉ងដកហូតផលប្រយោជន៍របស់កសិករ ដាំដំណាំកប្បាសនិងពលករសាមញ្ញបំផុតនៃតំបន់ស៊ីនជាំង។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ហើយនឹងចាត់វិធានការដ៏ចាំបាច់ទាំងអស់ដើម្បីគាំពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសនិងពលកររបស់ប្រទេសចិន៕