(ប៉ារីស)៖ បារាំងបានប្រកាសថ្កោលទោសយ៉ាងខ្លាំង លើអំពើហិង្សាបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាទីដែលកងកម្លាំងសន្តិសុខ នៃរបបយោធាបានបាញ់សម្លាប់ បាតុករច្រើនជាង ១០០នាក់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដែលត្រូវបានអន្តរជាតិចាត់ទុកជាថ្ងៃ ដែលមានការបង្ក្រាបយ៉ាងឃោរឃៅបំផុតនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។

ការថ្កោលទោសខាងលើធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងប៉ារីស)។ លោក ឡឺ ទ្រីយ៉ុង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កងកម្លាំងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានដើរដល់ដំណាក់កាលថ្មីមួយ ក្នុងការប្រើអំពើហិង្សាយ៉ាងងងឹតងងល់ និងបង្ហូរឈាម... ហើយជាថ្មីម្ដងទៀតពួកគេបានប្រើប្រាស់អាវុធ ប្រឆាំងនឹងប្រជាជន ដោយសម្លាប់មនុស្សច្រើនជាង ១០០នាក់ ក្នុងនោះរួមមានទាំងកុមារផងដែរ»

រដ្ឋមន្ត្រីការបរទេសបារាំងរូបនេះក៏បានអំពាវនាវផងដែរ ឱ្យរបបយោធាមីយ៉ាន់ម៉ាបញ្ឈប់ការប្រើប្រាស់ហិង្សា និងដោះលែងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ នូវអ្នកដែលកំពុងជាប់ឃុំ និងចាប់ផ្ដើមកិច្ចសន្ទនាឡើងវិញជាបន្ទាន់។

គួរបញ្ជាក់ថា មនុស្សយ៉ាងហោច ១១៤នាក់ ក្នុងនោះមានទាំងកុមារ ០៧នាក់ ត្រូវបានកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបាញ់សម្លាប់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដែលប្រការនេះបានធ្វើឱ្យចំនួនអ្នកស្លាប់ កើនដល់ច្រើនជាង ៤៥០នាក់ ចាប់តាំងពីមានបាតុកម្មតវ៉ា ប្រឆាំងរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈមក៕