(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយថាសហរដ្ឋអាមេរិកពិតជាមានការតក់ស្លុតជាពន់ពេក ចំពោះការ បង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករកាលពីថ្ងៃសៅរ៍ម្សិលមិញ ពីសំណាក់កងកម្លាំងសន្តិសុខនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានគូសបញ្ជាក់ដូច្នេះថា៖ «សេចក្ដីរាយការណ៍ពីការសម្លាប់មនុស្សច្រើនជាង១០០នាក់ បានបង្ហាញកាន់តែច្បាស់ថារបបយោធានឹងបូជាជីវិតប្រជាជន ដើម្បីផលប្រយោជន៍មនុស្សមួយក្ដាប់តូច»។ លោកបន្ថែមទៀតថាប្រជាជនមីយ៉ាន់ម៉ាដ៏ក្លាហានកំពុង បដិសេធការគ្រប់គ្រងដ៏សាហាវរបស់យោធា។ ក្រៅពីអាមេរិក សហភាពអឺរ៉ុប និងអង់គ្លេសក៏បានថ្កោលទោសការបង្ក្រាបលើបាតុករដោយកងកម្លាំងសន្តិសុខមីយាន់ម៉ា ផងដែរ។

គួរបញ្ជាក់ថា សារព័ត៌មានមីយ៉ាន់ម៉ា Myanmar Now បានរាយការណ៍ថាមនុស្សយ៉ាងហោចណាស់ ១១៤នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបដោយកងកម្លាំងសន្តិសុខ នៃរដ្ឋាភិបាលយោធានៅទូទាំងប្រទេស ជាពិសេសក្នុងទីក្រុងរ៉ង់ហ្គូន និងទីក្រុងម៉ាន់ដាឡាយ កាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងបាតុកម្មតវ៉ា ចាប់តាំងពីថ្ងៃផ្ទុះរដ្ឋប្រហារមកកើនដល់ច្រើនជាង៤០០នាក់។

ការបង្រ្កាបយ៉ាងបង្ហូរឈាមខាងលើ កើតមានឡើងចំថ្ងៃដែលយោធាប្រារព្ធទិវាកងទ័ព និងធ្វើព្យុហយាត្រាយោធាបង្ហាញសាច់ដុំដាក់ក្រុមបាតុករ។ ថ្លែងនៅក្នុងឱកាស ចូលរួមទិវានេះដែរក្នុងទីក្រុងណៃពិដោរ មេដឹកនាំរដ្ឋាភិបាលយោធា លោកឧត្តមសេនីយ៍ មីន អោង ហ្លេង (Min Aung Hlaing) បាននិយាយថាយោធានឹងការពារ ប្រជាជន ក៏ដូចជាតស៊ូដើម្បីលទ្ធិប្រជាធិបតេយជាមួយការសន្យារៀបចំការបោះឆ្នោតសកលថ្មីមួយ ហើយនឹងប្រគល់អំណាចឱ្យអ្នកឈ្នះ៕