(អ៉ីស្លាម៉ាបាដ)៖ យោធាប៉ាគីស្ថានបានប្រកាសថា ខ្លួនបានធ្វើតេស្តបាញ់សាកល្បងមីស៉ីលផ្លោងរបស់ខ្លួ ឈ្មោះថា Shaheen-1A កាលពីថ្ងៃសុក្រសប្តាហ៍នេះ ហើយវាប្រព្រឹត្តទៅដោយជោគជ័យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។

មីស៉ីលផ្លោង Shaheen-1A គឺជាមីស៉ីលផ្លោងបាលីស្ទិក ប្រភេទបាញ់ចេញពីដីគោកសំដៅទៅកាន់ដីគោក។ វាមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន និងហោះបានចម្ងាយ៩០០គីឡូម៉ែត្រ។ បើតាមយោធាប៉ាគីស្ថាន ការធ្វើតេស្តកាលពីថ្ងៃសុក្រសប្តាហ៍នេះ ត្រូវបានធ្វើឡើងនៅមូលដ្ឋានតេស្តមីស៉ីល ក្នុងទីក្រុងរ៉ាវ៉ាលភីនឌី (Rawalpindi) ក្បែររដ្ឋធានីអ៉ីស្លាម៉ាដ។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅ ប៉ាគីស្ថានក៏ទើបតែបានទទួលជោគជ័យផងដែរ ក្នុងការធ្វើតេស្តមីស៉ីលឈ្មោះ Bahur ដែលជាប្រភេទមីស៉ីលគ្រូស (cruise missile) និងអាចហោះបានចម្ងាយ៤៥០គីឡូម៉ែត្រ។ ការធ្វើតេស្តមីស៉ីលរបស់ប៉ាគីស្ថានកើតមានឡើង ចំពេលដែលខ្លួនមានភាពតានតឹងក្នុងទំនាក់ទំនងជាមួយឥណ្ឌា ដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃដូចគ្នា ជុំវិញបញ្ហានៅតំបន់វិវាទកាស្មៀរ ប៉ុន្តែភាគីទាំងពីរបានព្រមព្រៀងគ្នាលើ បទឈប់បាញ់មួយនៅតំបន់នោះ កាលពីខែមុន៕