(ណៃពីដោ)៖ ទិវាកងទ័ពបានចាប់ផ្តើមប្រព្រឹត្តទៅហើយ នៅក្នុងរដ្ឋធានីណៃពីដោ នៃសហភាពមីយ៉ាន់ម៉ា ដោយក្នុងនោះមានការដង្ហែរក្បួនព្យុហយាត្រាដ៏ធំមួយ ដឹកនាំផ្ទាល់ដោយអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) ដែលកំពុងកាន់អំណាចគ្រប់បែបយ៉ាង នៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។

នៅមុនព្រឹត្តិការណ៍ខាងលើនេះកើតឡើង កាលពីថ្ងៃសុក្រម្សិលមិញនេះ យោធាមីយ៉ាន់ម៉ាបានប្រកាសរួចជាស្រេច តាមកញ្ចក់ទូរទស្សន៍រដ្ឋ MRTV ដោយចំពោះព្រមានក្រុមបាតុករទាំងឡាយ ដែលមានគម្រោងរៀបចំធ្វើបាតុកម្ម នៅក្នុងថ្ងៃដ៏សំខាន់នេះផងដែរ។ យ៉ាងណាក៏ដោយ កងកម្លាំងការពារសន្តិសុខ ត្រូវបានបញ្ជាឲ្យដាក់ពង្រាយ ដើម្បីរឹតបន្តឹងសន្តិសុខកម្រិតខ្ពស់ នៅក្នុងរដ្ឋធានីណៃពីដោ។

នៅក្នុងឱកាសនៃការដឹកនាំក្បួនព្យុហយាត្រាខាងលើនេះដែរ លោក មីន អោង ហ្លេង បានប្តេជ្ញាចិត្តសាជាថ្មីចំពោះការរៀបចំបោះឆ្នោតឡើងវិញ និងប្រគល់អំណាចទៅដល់ គណបក្សដែលឈ្នះយ៉ាងពិតប្រាកដ ប៉ុន្តែលោកក៏មិនភ្លេចក្នុងការព្រមានជាថ្មី ចំពោះចលនាប្រឆាំងទាំងឡាយនោះដែរ។ លោក មីន អោង ហ្លេង បានសង្កត់ធ្ងន់ថា ទង្វើបែបភេរវកម្មដែលបង្កគ្រោះថ្នាក់ ដល់ភាពស្ងប់ស្ងាត់ និងសន្តិសុខរបស់ប្រទេសជាតិ គឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត។

អគ្គមេបញ្ជាការយោធាមីយ៉ាន់ បានថ្លែងយ៉ាងដូច្នេះទៀតថា «លទ្ធិប្រជាធិបតេយ្យដែលយើងចង់បាន គឺអាចក្លាយជាភាពគ្មានវិន័យមួយ ប្រសិនបើពួកគេមិនបានផ្តល់ការគោរព ហើយនាំគ្នាប្រឆាំងច្បាប់»។ ទោះជាយ៉ាងណាក៏ដោយ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា នៅតែនិយាយការពារជានិច្ច ចំពោះអ្វីដែលខ្លួនបានធ្វើនាពេលកន្លងមកនេះ។

គួរបញ្ជាក់ថា ទិវាកងទ័ពតែងតែប្រារព្ធឡើង ជារៀងរាល់ឆ្នាំដោយមានការបង្ហាញ រថពាសដែក, រថក្រោះ, យន្តហោះចម្បាំង និងមីស៊ីលផងដែរ ប៉ុន្តែលើកនេះគឺត្រូវបានធ្វើឡើង ចំពោះមុខការតវ៉ា និងបង្ក្រាបដ៏បង្ហូរឈាម ដែលបានបណ្តាលឲ្យមនុស្សជាង ៣០០នាក់ទៅហើយបាត់បង់ជីវិត គិតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់ លោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាច៕