(វ៉ាស៉ីនតោន)៖ សេតវិមាន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអញ្ជើញមេដឹកនាំពិភពលោកចំនួន៤០នាក់ ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ ហើយក្នុងនោះក៏រួមមានប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង ផងដែរ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។

កិច្ចប្រជុំកំពូលខាងលើ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី២២-២៣ ខែមេសាខាងមុខនេះ ក្នុងទម្រង់តាមប្រព័ន្ធវីដេអូអនឡាញ។ វាជាព្រឹត្តិការណ៍មួយដែលសហរដ្ឋអាមេរិកសង្ឃឹមថា នឹងជួយសម្របសម្រួល ជួយពន្លឿនពេលវេលា និងជួយធ្វើឱ្យមានភាពស៊ីជម្រៅនូវ កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីកាត់បន្ថយការបំពុលដោយឥន្ធនៈហ្វូស៊ីល ដែលកំពុងបង្កគ្រោះថ្នាក់ដល់អាកាសធាតុពិភពលោក។

សេតវិមាន បានគូសបញ្ជាក់ថា «កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុនេះ នឹងបញ្ជាក់ពីភាពបន្ទាន់និងអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដែលបានមកពីការបង្កើនកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាអាកាសធាតុ។ វានឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅលើផ្លូវឆ្ពោះទៅកាន់សន្និសីទអង្គការសហប្រជាជាតិ (UN) ស្តីពីអាកាសធាតុ ហៅកាត់ COP26 នៅទីក្រុងក្លាសកូវ (Glasgow) ប្រទេសស្កុតឡែន នៅខែវិច្ឆិកាខាងមុខនេះ»

តាមរយៈការរៀបចំកិច្ចប្រជុំកំពូលនេះ លោក បៃដិន នឹងបំពេញការសន្យា និងបទបញ្ជាប្រតិបត្តិរបស់លោក។ ម៉្យាងវិញទៀតពេលវេលា នៃការរៀបចំកិច្ចប្រជុំនេះ គឺស្របទៅនឹងការចេញសេចក្តីប្រកាសក្នុងពេលខាងមុខ អំពីគោលដៅកាត់បន្ថយការបំភាយឧស្ម័នពុល ចេញពី ធ្យូងថ្ម ឧស្ម័នធម្មជាតិ និងប្រេង ដែលនឹងមានលក្ខណៈតឹងរ៉ឹងជាងមុនខ្លាំងផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងសាកល្បងលើការសន្យារបស់លោក បៃដិន ដែលថានឹងធ្វើឱ្យបញ្ហាបម្រែបម្រួលអាកាសធាតុនេះ ក្លាយជាអាទិភាពសំខាន់មួយរបស់រដ្ឋបាលលោក ក្នុងចំណោមបញ្ហានយោបាយ បញ្ហាសេដ្ឋកិច្ច និងបញ្ហាឆ្លងរាតត្បាតនៃជំងឺ COVID-19។ វាក៏នឹងធ្វើការសាកល្បងឱ្យឃើញជាសាធារណៈដែរថា តើមេដឹកនាំអាមេរិក និងជាពិសេសគឺ លោក បៃដិន ផ្ទាល់តែម្តង នៅតែអាចជំរុញឱ្យមានការសម្រេចចិត្តជាសកលបានដែរឬទេ បន្ទាប់ពីរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលបានដកខ្លួនពីសកម្មភាពអន្តរជាតិ និងធ្វើឱ្យមានភាពរង្គោះរង្គើក្នុងសម្ព័ន្ធភាព ដែលមានអាយុជាយូរមកហើយ៕