(សេអ៊ូល)៖ នៅថ្ងៃសៅរ៍នេះកូរ៉េខាងជើងបានថ្លែងថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបោះជំហានមួយដំបូង ដែលខុសយ៉ាងខ្លាំង តាមរយៈប្រតិកម្មចំពោះការធ្វើតេស្តមីស៉ីលរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។

លោក រី ព្យុង ចុល (Ri Pyong Chol) ដែលជាទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ការធ្វើតេស្តមីស៉ីលក្នុងសប្តាហ៍នេះរបស់ប្រទេសកូរ៉េខាងជើង គឺមានគោលដៅពង្រឹងសមត្ថភាពការពារខ្លួន ប្រឆាំងនឹងការគំរាមកំហែង ដែលបង្កឡើងដោយសមយុទ្ធយោធារួម និងសព្វាវុធទំនើបៗរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

លោក Ri បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងពិតជាព្រួយបារម្ភជាខ្លាំង ចំពោះអ្វីដែលមេដឹកនាំអាមេរិកបាននិយាយបង្ខូចថា ការធ្វើតេស្តអាវុធជាទូទៅរបស់យើង ដែលគ្រាន់ជាការអនុវត្តសិទ្ធិការពារខ្លួននោះ ទៅជាការរំលោភលើសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិទៅវិញ... ការនិយាយបង្ខូចនេះ បានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ អំពីគំនិតនៃការប្រកាន់យក ភាពជាសត្រូវគ្នារបស់អាមេរិក ដែលបានចាក់ឫសយ៉ាងជ្រាលជ្រៅ។ សរុបមកខ្ញុំគិតថា រដ្ឋបាលអាមេរិកថ្មី បានបោះមួយជំហានដំបូង ដែលខុសឆ្គងយ៉ាងខ្លាំង»

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ កូរ៉េខាងជើងបានចេញមុខទទួលស្គាល់ អំពីការធ្វើបាញ់តេស្តមីស៉ីលផ្លោងរយៈចម្ងាយខ្លី ប្រភេទថ្មីមួយរបស់ខ្លួន។ ឆ្លើយតបចំពោះការធ្វើតេស្តនេះ លោក បៃដិន បាននិយាយថា វាជាទង្វើរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា សន្តិសុខនៃអង្គការសហប្រជាជាតិ៕