(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) នៅថ្ងៃសុក្រនេះបានរាយការណ៍ឱ្យដឹងថា ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងដល់ ៧០២,៨៥៦ករណីហើយ បន្ទាប់ពីការរកឃើញនូវករណីឆ្លងថ្មីៗចំនួន ៩,៨៣៨ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺនេះកាលពីខែមករា ឆ្នាំ២០២០ មក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១។

DOH ក៏បានរាយការណ៍ឱ្យដឹងបន្ថែមថា មានអ្នកជំងឺចំនួន ៥៤នាក់បន្ថែមទៀតផងដែរ ដែលបានស្លាប់ដោយសារជំងឺ COVID-19 នៅថ្ងៃសុក្រនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៣,១៤៩នាក់ ខណៈចំនួនអ្នកជាសះស្បើយសរុប ក៏បានកើនឡើងដល់ ៥៨០,៦៨៩នាក់ផងដែរ បន្ទាប់ពីអ្នកជំងឺចំនួន ៦៦៣នាក់បន្ថែមទៀត បានជាសះស្បើយ និងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ថា បើតាមរដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីន លោក Leopoldo Vega រយៈពេលជាច្រើនថ្ងៃចុងក្រោយនេះ ករណីឆ្លងថ្មីៗ បានកើនឡើងយ៉ាងគំហុកនៅតំបន់ Metro Manila។ ប្រហែលជា ៥៣ភាគរយនៃករណីឆ្លងថ្មីៗ ត្រូវបានរកឃើញនៅទីនោះ រួមទាំងនៅខេត្តក្បែរខាងដូចជា កាវីត (Cavite), ឡាហ្គូណា (Laguna) និង ប៊ូឡាខេន (Bulacan)៕