(បាងកក)៖ អាជ្ញាធរថៃនៅក្នុងខេត្តភូកេត (Phuket) នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះបានប្រកាសពីផែនការសាកល្បងលើកលែងការធ្វើចត្តាឡីស័ក លើភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តមកកាន់ខេត្តមួយនេះ ខណៈរដ្ឋាភិបាលទីក្រុងបាងកក កំពុងព្យាយាមស្ដារេសដ្ឋកិច្ចជាតិឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

ថៃបានសម្រេចចិត្តដាក់ចេញវិធានការរឹតត្បិតជាច្រើន ក្នុងនោះរួមមានទាំងធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរ ឬភ្ញៀវទេសចរមកពីបរទេសដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត CIOVID-19។ ប៉ុន្តែទន្ទឹមគ្នា វិធានការទាំងនេះក៏បានចូលរួមចំណែកធ្វើឱ្យភ្ញៀវទេសចររាករែកចិត្ត ឬមិនធ្វើដំណើរទៅកាន់ប្រទេសថៃតែម្ដង ដែលនេះបានធ្វើឱ្យប៉ះពាល់ យ៉ាងខ្លាំងដល់ចំណូលជាតិតាមរយៈវិស័យទេសចរណ៍។

ដូច្នេះហើយ ទើបនៅថ្ងៃសុក្រនេះ អាជ្ញាធរថៃក្នុងខេត្តភូកេតបានប្រកាសពីផែនការសាកល្បងមួយ ដោយអនុញ្ញាតឱ្យភ្ញៀវទេសចរដែលធ្វើដំណើរមកកាន់ខេត្តរបស់ខ្លួន មិនចាំបាច់ធ្វើចត្តាឡីស័កក្នុងសណ្ឋាគារនោះទេ។ ដើម្បីរួចផុតពីការធ្វើចត្តាឡីស័កនេះ ភ្ញៀវទេសចរបរទេសតម្រូវឱ្យមានលិខិតបញ្ជាក់ថាបានចាក់វ៉ាក់សាំង២ដូស និងមានលិខិតបញ្ជាក់ពីលទ្ធផលតេស្ដអវិជ្ជមាន COVID-19។ តែយ៉ាងណាក៏ដោយ ផែនការនេះនៅត្រូវរង់ចាំការអនុម័តពីរដ្ឋាភិបាលថៃជាមុនសិន៕