(តូក្យូ)៖ គណៈរដ្ឋមន្រ្តីជប៉ុននៅថ្ងៃសុក្រនេះ បានយល់ព្រមលើសេចក្តីព្រាងច្បាប់មួយ សំដៅរឹតបន្តឹងការត្រួតពិនិត្យកិច្ចព្រមព្រៀងទាក់ទងដីធ្លី ដែលស្ថិតនៅក្បែរមូលដ្ឋានយោធា និងកោះជាប់ព្រំដែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១។

រដ្ឋាភិបាលជប៉ុនគ្រោងបញ្ជូនសេចក្តីព្រាងច្បាប់ខាងលើ ទៅកាន់សភាក្នុងពេលឆាប់ៗ ដោយនាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានបង្ហាញការតាំងចិត្តខ្ពស់ថា នឹងអនុម័តវាឲ្យបានកំឡុងសម័យប្រជុំបច្ចុប្បន្នរបស់សភា។ នៅក្នុងសេចក្តីព្រាងច្បាប់នេះ បានកំណត់ថា គម្រោងទិញដីធ្លីណាមួយ គឺត្រូវតែរាយការណ៍ជូនដល់អាជ្ញាធរ ប្រសិនបើទីតាំងនោះ ត្រូវចាត់ទុកជាកន្លែងមានសារសំខាន់ខ្លាំង ចំពោះសន្តិសុខជាតិ។ សម្រាប់កិច្ចព្រមព្រៀងនៅតាមតំបន់ក្នុងទីក្រុង ប្រហែលអាចទទួលបានការលើកលែង ប្រសិនបើប៉ះពាល់ដល់សកម្មភាព សេដ្ឋកិច្ច ហើយគោលការណ៍នេះ នឹងត្រូវអនុវត្តដោយមិនគិតអំពីសញ្ជាតិនៃអ្នកទិញឡើយ។

គួរបញ្ជាក់ថា ក្តីកង្វល់ជុំវិញបញ្ហាខាងលើ គឺជប៉ុនមានជាពិសេសចំពោះសកម្មភាពទិញដីធ្លីដោយចិន។ មានការកត់សម្គាល់ឃើញថា ជនជាតិចិនបាននិងកំពុងផ្តោតទិញព្រៃ នៅតាមតំបន់រមីយដ្ឋានក្នុងប្រទេសជប៉ុន ដោយភាគច្រើនគឺនៅកោះហុកកៃដូភាគខាងជើង ហើយមានកិច្ចព្រមព្រៀងមួយនោះ ពាក់ព័ន្ធជាមួយនិងដី ដែលនៅក្បែរព្រលានយន្តហោះ New Chitose និងមូលដ្ឋានយោធាមួយចំនួន នៅហុកកៃដូ៕