(រីយ៉ូ)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល) ប្រទេសធំជាងគេនៅអាមេរិកឡាទីនមួយនេះ បានកត់ត្រាចំនួនអ្នកឆ្លង COVID-19 រហូតដល់ទៅ ១០០,១៥៨នាក់នៅក្នុងរយៈពេល ២៤ម៉ោង ហើយនេះជាតួលេខដ៏អាក្រក់បំផុត ដែលប្រេស៊ីលមិនធ្លាប់បានជួបប្រទះនោះឡើយ គិតចាប់តាំងពីការផ្ទុះឡើងនៃ COVID-19 កាលពីដើមឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១។

គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រេស៊ីលមានអ្នកឆ្លង COVID-19 ជាង ១២,៣០០,០០០នាក់ និងអ្នកស្លាប់សរុបជាង ៣០៣,០០០នាក់ ក្នុងនោះចំនួនមនុស្សស្លាប់ ២,៧៧៧នាក់ទៀតទើបតែត្រូវបានកត់បញ្ចូល ដោយសុទ្ធតែជាអ្នកជំងឺដែលបានបាត់ជីវិត កាលពីអំឡុង២៤ម៉ោងមុន។

ទោះបីជាចំនួនអ្នកឆ្លង និងស្លាប់សរុបនៅប្រេស៊ីល នៅតិចជាងសហរដ្ឋអាមេរិកជាងពាក់កណ្តាលមែន ប៉ុន្តែមួយរយៈចុងក្រោយនេះ អត្រាឆ្លង និងស្លាប់ប្រចាំថ្ងៃនៅប្រេស៊ីល បានលោតឡើងខ្ពស់ជាងសហរដ្ឋអាមេរិកទៅហើយ ដោយប្រការនេះបាននិងកំពុងបង្កឲ្យ អង្គការសុខភាពពិភពលោក (WHO) ព្រួយបារម្ភជាអតិបរមា។ បើតាម WHO ប្រេស៊ីលបានទទួលរងរលកថ្មី នៃការឆ្លងរាតត្បាត COVID-19 តាំងតែខែពីខែមករា ដើមឆ្នាំ២០២១ មកម្ល៉េះ ខណៈមន្ទីរពេទ្យនៅតាមរដ្ឋមួយចំនួន ជាពិសេសរដ្ឋសៅប៉ូឡូដែលមានប្រជាជនរស់នៅជាង ៤៦លាននាក់ កំពុងជួបប្រទះបញ្ហាកកស្ទះ ដោយសារចំនួនអ្នកជំងឺកើនឡើងយ៉ាងគំហុក៕