(ខូឡូរ៉ាដូ)៖ បុរសអាយុ ២១ឆ្នាំម្នាក់នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតលើមនុស្ស ១០នាក់ នៅក្នុងករណីបាញ់រះនៅឯផ្សារទំនើបមួយកន្លែងក្នុងទីក្រុង បូលដឺ (Boulder) នៃរដ្ឋខូឡូរ៉ាដូ (Colorado) សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។

ជនសង្ស័យឈ្មោះ អាហ៍ម៉ាត់ អាល់ អាលីវី អាលីស្សា (Ahmad Al Aliwi Alissa) បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបន្ទាប់ពីរងរបួស នៅក្នុងការបាញ់តដៃជាមួយប៉ូលិសនៅឯផ្សារ ឃីង ស៊ូភើស៍ (King Soopers) ក្នុងទីក្រុង Boulder កាលពីរសៀលថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។ បើតាមទីភ្នាក់ងារព័ត៌មាន AP ជនឈ្មោះ Alissa បានទិញកាំភ្លើងមួយដើមកាលពីថ្ងៃទី១៦ ខែមីនា តែ ០៦ថ្ងៃប៉ុណ្ណោះមុននឹងធ្វើសកម្មភាពបាញ់ប្រហារ ហើយជននេះត្រូវបានបញ្ជូនទៅកាន់ មន្ទីរឃុំឃាំងកាលពីថ្ងៃអង្គារ ជាមួយបទចោទប្រកាន់មនុស្សឃាត ក្រោយសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ។

បើតាមទីភ្នាក់ងារព័ត៌មាន AP ប៉ូលិសមិនទាន់អាចកំណត់បានថា តើជនឈ្មោះ Alissa ទិញកំាភ្លើងពីទីណានោះទេ ហើយក៏មិនទាន់មានការបញ្ជាក់ពីចេតនា នៅពីក្រោយសកម្មភាពបាញ់ប្រហារ របស់ខ្មាន់កាំភ្លើងរូបនេះដែរ ប៉ុន្តែប៉ូលិសជឿជាក់ថា ជននេះធ្វើសកម្មភាពតែម្នាក់ឯង។

ការបាញ់រះនៅក្នុងរដ្ឋខូឡូរ៉ាដូ គឺជាករណីបាញ់រះយ៉ាងរង្គាលលើកទី ២ ដែលកើតឡើងក្នុងរយៈពេលតែជាងមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយមនុស្សចំនួន ០៨នាក់ ក្នុងនោះមានស្ត្រី ០៦នាក់ជាពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងទីក្រុងអាត្លង់តា រដ្ឋចរចៀ កាលពីថ្ងៃទី១៦ ខែមីនា ខណៈករណីបាញ់ប្រហារទាំង ២ នេះកំពុងជំរុញឱ្យមានការអំពាវនាវលើការរឹតបន្តឹងលើ ការគ្រប់គ្រងអាវុធនៅក្នុងសហរដ្ឋអាមេរិក៕