(បារីស)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសបារាំងនៅថ្ងៃសុក្រនេះបានផ្តល់អនុសាសន៍ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca គួរតែផ្តល់ជូនសម្រាប់តែក្រុមមនុស្សដែលមានអាយុលើសពី ៥៥ឆ្នាំបានហើយ ដោយសារតែរបាយការណ៍អំពីបញ្ហាកំណកឈាម(Blood Clot) ត្រូវរកឃើញមតែទៅលើក្រុមមនុស្សដែលអាយុក្រោម ៥៥ឆ្នាំប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។

អាជ្ញាធរសុខាភិបាលបារាំងបានលើកឡើងថា អនុសាសន៍របស់ខ្លួនខាងលើនេះ គឺធ្វើឡើងដោយផ្អែកលើកំណត់ហេតុដែលថា របាយការណ៍ស្តីអំពីបញ្ហាកំណកឈាម ដែលបានជំរុញឲ្យប្រទេសបារាំង ក៏ដូចជាប្រទេសអឺរ៉ុបដទៃបានសម្រេចផ្អាកការប្រើប្រាស់វ៉ាក់សំាង AstraZeneca នោះ ត្រូវបានរកឃើញតែទៅលើក្រុមមនុស្សដែលមានអាយុក្រោម ៥៥ឆ្នាំប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប្រទេសជាង១០ ឯណោះនៅលើពិភពលោក ជាពិសេសនៅតំបន់អឺរ៉ុប បានសម្រេចចិត្តផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca ក្រោយពីមានសេចក្តីរាយការណ៍មួយចំនួនថា វ៉ាក់សាំងនេះអាចបង្កឲ្យមានបញ្ហា កំណកឈាមនៅក្នុងសសៃឈាម (Blood Clot)។ ប៉ុន្តែក្រោយពីមានការបញ្ជាក់សាជាថ្មី ពីសំណាក់និយ័តករឱសថអឺរ៉ុប ប្រទេសទាំងនោះបានចាប់ផ្តើមអនុញ្ញាត ឲ្យបន្តការប្រើប្រាស់វ៉ាក់សាំងនេះ ឡើងវិញជាបណ្តើរៗហើយ ក្នុងនោះក៏មានបារាំងផងដែរ។

ដោយឡែកនាយករដ្ឋមន្រ្តីបារាំងលោក Jean Castex ដែលមានអាយុ ៥៥ឆ្នាំ នឹងត្រូវចាក់វ៉ាក់សាំងនេះនៅថ្ងៃសុក្រសប្តាហ៍នេះ(ម៉ោងនៅប៉ារីស) ដើម្បីបង្កើនទំនុកចិត្តដល់មហាជនផងដែរ៕