(សេអ៊ូល)៖ នៅក្នុងដំណើរទស្សនកិច្ច មកកាន់ប្រទេសកូរ៉េខាងត្បូង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន (Antony Blinken) បាននិយាយថា ទាំងមធ្យោយការទូត និងការដាក់សម្ពាធ មាននៅលើតុរួចជាសម្រេច ដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១។

ការថ្លែងរបស់លោក អាន់តូនី ប្លីងខិន ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយថា ទីក្រុងព្យុងយ៉ាងនឹងបន្តច្រានចោល សំណើសុំចរចាពីសំណាក់សហរដ្ឋអាមេរិក លុះត្រាណាតែទីកុ្រងវ៉ាស៊ីនតោន បោះបង់ចោលនយោបាយអរិយភាព ប្រឆាំងនឹងប្រទេសរបស់ខ្លួនជាមុនសិន។

សេចក្តីថ្លែងការណ៍រួមមួយ ក្រោយកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក និងសមភាគីកូរ៉េខាងត្បូង គឺលោកស្រីរដ្ឋមន្ត្រីការបរទេស ឆុង អ៊ុយ យ៉ុង (Chung Eui-yong) បានលើកឡើងថា «រដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរបានគូសបញ្ជាក់ថា បញ្ហានុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង គឺជាបញ្ហាអាទិភាពមួយ សម្រាប់សម្ព័ន្ធមិត្តទាំងពីរ ហើយប្រទេសទាំងពីរប្តេជ្ញាក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាទាំងនេះ»

គួរបញ្ជាក់ថា ទោះបីជារដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងពីជម្រើសការទូត និងការដាក់សម្ពាធ ដើម្បីដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើងក្តី ក៏លោកមិនបានបកស្រាយ អំពីដំណើរការរបៀបណាខ្លះ ដែលអាចទៅរួចជុំវិញរឿងនេះឡើយ នៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរ៕