(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីកំពូលរបស់សហរដ្ឋអាមេរិក និងចិននឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយនៅឯរដ្ឋអាឡាស្កា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាឡាស្កា) ជាលើកដំបូងបំផុតចាប់តាំងពីលោក ចូ បៃដិនឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករាមក។

កិច្ចប្រជុំខាងលើដែលនឹងត្រូវប្រព្រឹត្តទៅនៅឯទីក្រុងអាន់ខូរែក (Anchorage) នៃរដ្ឋអាឡាស្កាចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនានេះមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) និងទីប្រឹក្សាសន្តិសុខជាតិ លោក ជែក សាលលីវិន (Jake Sullivan) រីឯភាគីចិនមានសមាជិក ការិយាល័យនយោបាយចិន លោក យ៉ាង ជីឈី (Yang Jiechi) និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី។ កិច្ចប្រជុំនេះនឹងក្លាយជាឱកាសមួយឱ្យរដ្ឋបាលលោក បៃដិន បង្ហាញពីសមត្ថភាពដោះស្រាយជាមួយចិនដែលត្រូវបានលោក Antony Blinken ចាត់ទុកថាជា «គូប្រជែងភូមិសាស្ត្រ នយោបាយដ៏ធំបំផុត» របស់សហរដ្ឋអាមេរិកនៅក្នុង ស.វទី២១នេះ។ មិនតែប៉ុណ្ណោះវាក៏ជាឱកាសមួយឱ្យទីក្រុងវ៉ាស៊ីនតោនស្ដារទំនុកចិត្តឡើងវិញពីសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។

*តើគេរំពឹងអ្វីខ្លះពីកិច្ចប្រជុំនេះ?

មុននឹងកិច្ចប្រជុំមកដល់ សហរដ្ឋអាមេរិក និងចិនបានផ្លោងសង្រ្គាមពាក្យសម្ដីដាក់គ្នាទៅវិញទៅមកនារយៈពេលថ្ងៃចុងក្រោយនេះ ហើយនៅថ្ងៃពុធនេះតែម្ដងរដ្ឋបាលលោក ចូ បៃដិនបានប្រកាសដាក់ទណ្ឌកម្ម ក្នុងនោះមានទាំងការដាក់កំហិតផ្នែកទិដ្ឋាការលើក្រុមមន្ត្រីចិន និងមន្ត្រីហុងកុងចំនួន២៤រូបដែលមានជាប់ពាក់ព័ន្ធនឹងការធ្វើ វិសោធនកម្មច្បាប់បោះឆ្នោតក្នុងទីក្រុងហុងកុង។ បើតាមក្រុមមន្ត្រីអាមេរិក នៅឯកិច្ចប្រជុំក្នុងទីក្រុង Anchorage នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះលោក Antony Blinken អាចលើកឡើងពីសំណុំរឿងសំខាន់ៗជាច្រើន ដាក់លើតុជជែកជាមួយសមាភាគីចិនមានដូចជាទីក្រុងហុងកុង, តៃវ៉ាន់, តំបន់ស៊ីនជាំង, សកម្មភាពរបស់ចិនក្នុងតំបន់ សមុទ្រចិនខាងត្បូង, និងបច្ចេកវិទ្យាជាដើម។

ក្រុមមន្ត្រីអាមេរិកមិនបានរំពឹងឡើយថានឹងមានលទ្ធផលជាដុំកំភួនលើសំណុំរឿងទាំងនេះ ហើយក៏ប្រហែលជានឹងមិនមានការចេញសេចក្ដីថ្លែងការណ៍រួមក៏ថាបាន នៅក្រោយបញ្ចប់កិច្ចប្រជុំ។ តែទោះជាបែបនេះក្ដី អ្នកនាំពាក្យសេតវិមាន លោកស្រី ជែន សាគី (Jen Psaki) បាននិយាយថាថ្វីបើរដ្ឋបាលលោក បៃដិនរំពឹងទុកជាមុន រួចទៅហើយថាផ្នែកជាច្រើននៃកិច្ចសន្ទនានឹងកា្លយជារឿងពិបាកក៏ដោយ តែកិច្ចប្រជុំនេះនឹងផ្ដល់ឱកាសឱ្យភាគីទាំង២ពិភាក្សាលើបញ្ហាដែលសហរដ្ឋអាមេរិក និងចិន អាចធ្វើការជាមួយគ្នាបាន ដូចជាបញ្ហាការប្រែ ប្រួលអាកាសធាតុ និងកិច្ចខិតខំប្រឹងប្រែងលើការមិនរីកសាយអាវុធនុយក្លេអ៊ែរជាដើម។

*យុទ្ធសាស្ត្រលោក បៃដិន

ជាប្រពៃណីរបស់សហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសទេសតែងតែធ្វើដំណើរមកកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន នាឱកាសបំពេញដំណើរទស្សនកិច្ចមកកាន់ទ្វីប អាស៊ី។ តែក្នុងសប្ដាហ៍នេះ លោក Antony Blinken បានជ្រើសយកតែទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលសម្រាប់ការបំពេញដំណើរទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីលោកកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិកមក។ នេះមិនមែនជារឿងចៃដន្យនោះទេ តែវាមានបង្កប់សារ២ដែលរដ្ឋបាលលោក បៃដិន ចង់ផ្ញើជូនចិនផង និងសម្ព័ន្ធមិត្តក្នុងតំបន់ផង។

សារទីមួយ៖ គឺបញ្ជាក់ថាចិនយល់ខុសដែលថាសហរដ្ឋអាមេរិកកំពុងធ្លាក់ចុះ។ ត្រង់នេះមានន័យថាអាមេរិកមិនរៀបចំកិច្ចប្រជុំក្នុងទីក្រុងប៉េកាំងតែម្ដង កំឡុងការបំពេញ ទស្សនកិច្ចរបស់លោក Blinken ឡើយ តែត្រូវឱ្យចិនហោះមករដ្ឋអាឡាស្កា។ «វាពិតជាមានសារៈសំខាន់បំផុតសម្រាប់យើងដែលកិច្ចប្រជុំដំបូងនៃរដ្ឋបាលមួយនេះជាមួយ ក្រុមមន្ត្រីចិនត្រូវរៀបចំឡើងនៅទឹកដីអាមេរិក»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យសេតវិមាន លោកស្រី ជែន សាគី ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍កន្លងទៅ។ លោក ម៉ៃឃឺ ហ្រី្គន (Michael Green) ជាអនុប្រធានកិច្ចការតំបន់អាស៊ី និងជាប្រធានកិច្ចការជប៉ុននៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិក៏យល់ឃើញបែបនេះដែរថាការរៀបចំកិច្ចប្រជុំក្នុងរដ្ឋអាឡាស្កា គឺជាគំនិតប្រឆាំងនឹងការយល់ឃើញរបស់ចិនដែលថាសហរដ្ឋអាមេរិកកំពុងធ្លាក់ចុះ។

សារទីពីរ៖ នោះគឺសា្ដរទំនុកចិត្តពីសម្ព័ន្ធមិត្តឡើងវិញ។ មុននឹងរៀបចំកិច្ចប្រជុំកំពូលជាមួយចិន លោក ចូ បៃដិន បានជួបពិភាក្សាតាមរយៈវីដេអូកាលពីថ្ងៃទី១២ ខែមីនា ជាមួយមេដឹកនាំជាសម្ព័ន្ធមិត្តរួមមាន ជប៉ុន, ឥណ្ឌា និងអូស្រ្តាលី នៅក្នុងកិច្ចប្រជុំសន្តិសុខចតុភាគី ឬគេស្គាល់ថា «Quad» ដោយបង្ហាញពីកង្វល់រួមចំពោះអាកប្បកិរិយានិងការកើនឡើងនៃឥទ្ធិពលរបស់ចិន។ លើសពីនេះទៅទៀត នៅក្នុងសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានពិភាក្សាជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូងផងដែរ ហើយបង្ហាញពីកង្វល់រួមដូចគ្នាចំពោះអាកប្បកិរិយារបស់ចិន។

ដូច្នេះក្រោយបានស្ដាប់ពីកង្វល់ទាំងនេះ រដ្ឋបាលលោក ចូ បៃដិន នឹងឆ្លៀតឱកាសយកកិច្ចប្រជុំជាមួយចិនដើម្បីស្ដារទំនុកចិត្ត និងជួសជុលទំនាក់ទំនងមិត្តភាពជាមួយសម្ព័ន្ធមិត្តឡើងវិញ តាមរយៈការបញ្ជាក់ពីជំហររបស់សហរដ្ឋអាមេរិកចំពោះចិននៅក្នុងកិច្ចប្រជុំនោះ ប្រាប់ទៅដល់សម្ព័ន្ធមិត្ត។ ពោលគឺសហរដ្ឋអាមេរិកទំនងជានឹង មិនបំភ្លេចប្រយោជន៍រួមរបស់ពួកគេ ដោយបន្ទន់ឥរិយាបថលើទីក្រុងប៉េកាំងនោះឡើយ។ ម្យ៉ាងវិញទៀត តាមរយៈការកញ្ចប់ថវិកាសង្រ្គោះសេដ្ឋកិច្ចពី COVID-19 ទំហំ ១.៩ទ្រីលានដុល្លារ ដែលនឹងជួយពង្រឹងសេដ្ឋកិច្ចអាមេរិកនៅពេលអនាគត រដ្ឋបាលលោក បៃដិន ក៏ទំនងជានឹងមិនធ្វើការសម្រុះសម្រួលណាមួយជាមួយចិន ឬបង្ហាញពី ភាពទន់ខ្សោយរបស់ខ្លួននៅក្នុងកិច្ចចរចា ក្នុងកាលៈទេសៈបច្ចុប្បន្ននោះដែរ៕

ប្រភព៖ Politico ( ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១)