(ណៃពិដោ)៖ ក្រុមព្រះសង្ឃដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវគេរាយការណ៍ថា បានទទូចអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា បញ្ឈប់ជាបន្ទាន់នូវការប្រើអំពើហិង្សាយ៉ាងអាក្រក់ប្រឆាំងនឹងក្រុមបាតុករ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។

សារព័ត៌មាន Myanmar Now នៅថ្ងៃពុធនេះ បានរាយការណ៍ថា គណៈកម្មាធិការព្រះសង្ឃនៃប្រទេសមីយ៉ាន់ម៉ា ហៅកាត់ Mahana ក្នុងសេចក្តីថ្លែងការណ៍ព្រាងមួយ ក៏បានបញ្ជាក់ដែរថា សមាជិកខ្លួនមានបំណងនឹងផ្អាកសកម្មភាពនានា ក្នុងន័យជាសញ្ញាតវ៉ាមួយចំពោះទង្វើរបស់យោធា។ យ៉ាងណាក្តី គណៈកម្មាធិការ Mahana គ្រោងនឹងចេញសេចក្តីថ្លែងការណ៍ចុងក្រោយមួយជាផ្លូវការ ក្រោយពិគ្រោះជាមួយរដ្ឋមន្រ្តីកិច្ចការសាសនា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

គួរបញ្ជាក់ថា ក្រុមព្រះសង្ឃនៅមីយ៉ាន់ម៉ា គឺជាកម្លាំងតស៊ូជួរមុខនៃចលនាបដិវត្តន៍ប្រឆាំងនឹងរបបយោធា កាលពីឆ្នាំ២០០៧ ដើម្បីជួយត្រួសត្រាយផ្លូវ សម្រាប់ការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ បើតាមក្រុមសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា ចាប់តាំងតែពីភាពវឹកវរបានផ្ទុះឡើង កាលពីដើមខែកុម្ភៈមក បាតុករជាង១៨០នាក់ហើយ បានបាត់បង់ជីវិត ក្រោមការបង្រ្កាបរបស់អាជ្ញាធរ៕