(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ប្រទេសបួនគឺសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌាបានបើកធ្វើតាមអនឡាញ នូវកិច្ចប្រជុំមេដឹកនាំលើកដំបូងនៃ «យន្តការចតុភាគី» ចាប់តាំងពីយន្តការនេះត្រូវបង្កើតឡើងមក។ ភាគីនានាដែលបានចូលរួមកិច្ចប្រជុំនេះ បានបន្សាបខ្លឹមសារ «ឡោមព័ទ្ធប្រទេសចិន» នៃយន្តការនេះ ប៉ុន្តែមជ្ឈដ្ឋានខាងក្រៅបានធ្វើការវិភាគជាទូទៅថា ខ្លឹមសារនៃសេចក្តីថ្លែងការណ៍ ដែលប្រកាសបន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល បានបង្ហាញពីលក្ខណៈដៅចំពោះយ៉ាងខ្លាំងនៃយន្តការមួយនេះ។

សេចក្តីថ្លែងការណ៍ដែលកិច្ចប្រជុំកំពូលនៃ «យន្តការចតុភាគី» លើកនេះបានប្រកាសពាក់ព័ន្ធដល់វិស័យជាច្រើន ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បម្រែបម្រួលអាកាសធាតុ និងសន្តិសុខក្នុងតំបន់ជាដើម។ ក្នុងនោះប្រទេសអាមេរិក ជប៉ុន និងអូស្ត្រាលីបានប្រកាសថា ឈានដល់មតិឯកភាពគ្នា នឹងបង្កើនការវិនិយោគទៅលើសហគ្រាសផលិតឱសថរបស់ឥណ្ឌា ដើម្បីបង្កើនបរិមាណផលិតវ៉ាក់សាំងជំងឺកូវីដ១៩។

កាសែត Financial Times សម្គាល់ថា យុទ្ធសាស្ត្រនេះមានគោលបំណងស្វែងរកវិស័យរួម សម្រាប់បដិបក្ខគ្នាជាមួយប្រទេសចិនរបស់ប្រទេសទាំងបួន ក្នុងសភាពការណ៍ដែលមើលទៅ មិនសូវប្រឆាំងប្រទេសចិនហួសហេតុ។ សំដៅទៅលើប្រទេសចិនផង មានចេតនាមិនលើកឡើងដល់ប្រទេសចិនផង។ «យន្តការចតុភាគី» មើលទៅកាន់តែហាក់ដូចជា ការសម្តែងខាងនយោបាយបង្ហាញសាច់ដុំ វាពិបាកនឹងសម្រេចបាននូវការប៉ុនប៉ង ផ្នែកនយោបាយរបស់ខ្លួននោះទេ។

«យន្តការចតុភាគី» មិនមែនគ្មានចន្លោះខ្វះខាតនោះទេ។ ប្រទេសអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលីមានការគិតគូរខាងនយោបាយរៀងៗខ្លួន ផលប្រយោជន៍សេដ្ឋកិច្ចបានធ្វើឱ្យប្រទេសជប៉ុន ឥណ្ឌា និងអូស្ត្រាលី ពិបាកនឹងធ្វើតាមសហរដ្ឋអាមេរិកទាំងស្រុង ហើយបើសិនជាសហរដ្ឋអាមេរិក ចង់លើកកម្ពស់កម្លាំងឥទ្ធិពលនៅតំបន់ឥណ្ឌាប៉ាស៊ីហ្វិក នោះចាំបាច់ត្រូវអូសទាញ និងពឹងផ្អែកទៅលើប្រទេសអាស៊ាន។ ប៉ុន្តែបច្ចុប្បន្ននេះ បញ្ហាសមុទ្រចិនខាងត្បូង មិនសូវត្រូវគេយកចិត្តទុកដាក់យ៉ាងខ្លាំង កិច្ចព្រមព្រៀង RCEP បានចុះហត្ថលេខារួចរាល់ហើយ ហើយកិច្ចសហប្រតិបត្តិការក្នុងតំបន់ កំពុងទទួលឱកាសយ៉ាងខ្លាំងក្លា តើប្រទេសណាមានឆន្ទៈ ចង់ឈរជាមួយម្ខាងប្រឆាំងនឹងប្រទេសចិន?

បើនិយាយចំពោះសហគមន៍អន្តរជាតិ អ្វីដែលគួរតែយកចិត្តទុកដាក់នោះគឺ ពហុភាគីនិយមដែលរដ្ឋាភិបាលអាមេរិក បច្ចុប្បន្ននេះបានអនុវត្ត តាមពិតទៅគឺជារង្វង់តូច និងនយោបាយចែកបក្សពួក ដែលមានភាពបិទទ្វារ និងច្រានចោលប្រទេសផ្សេងទៀត គឺជា «ពហុភាគីនិយមដែលមានជម្រើស»។ នេះនឹងបង្កភាពបែងបាក់គ្នា និងការប៉ះទង្គិចថ្មី ហើយធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ដែលគួរឱ្យប្រុងប្រយ័ត្ន។

ពិភពលោកត្រូវការពហុភាគីនិយម កិច្ចការលើផ្ទៃអន្តរជាតិគួរតែធ្វើតាម ការពិគ្រោះពិភាក្សាជាមួយគ្នា។ ប្រសិនបើ «យន្តការចតុភាគី» ដែលដឹកនាំដោយសហរដ្ឋអាមេរិក មិនកែប្រែធាតុពិតរបស់ខ្លួនដែលជា «ពហុភាគីនិយមក្លែងក្លាយ» ដែលផ្ទុយនឹងចរន្តយុគសម័យ និងគោលបំណងរបស់ប្រជាជន នោះមុខជានឹងបង់កម្លាំងឥតប្រយោជន៍ជាមិនខាន៕