(វីយ្យែន)៖ អ៉ីរ៉ង់បានចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅឯរោងចក្រនុយក្លេអ៊ែរក្រោមដី Natanz ដោយប្រើប្រាស់ម៉ាស៊ីនដ៏ទំនើបទី២ IR-4 ដែលនេះគឺជាទង្វើបំពាន លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសមហាអំណាច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។

ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍ខាងលើដោយផ្អែកលើរបាយការណ៍របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA។ IAEA បានបញ្ជាក់នៅក្នុង របាយការណ៍របស់ខ្លួនដូច្នេះថា៖ «កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ IAEA បានរកឃើញថាអ៉ីរ៉ង់បានចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដោយប្រើប្រាស់ម៉ាស៊ីន ដ៏ទំនើបទី២ IR-4... និងបានដាក់ជូនរបាយការណ៍នេះទៅកាន់បណ្ដាប្រទេសជាសមាជិករួចរាល់ហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ»

គួរបញ្ជាក់ថា អ៉ីរ៉ង់កាលពីខែកុម្ភៈកន្លងទៅ បានប្រកាសថាខ្លួននឹងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឱ្យដល់២០ភាគរយ ដែលនេះជាកម្រិតត្រូវបានហាមឃាត់នៅ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥។ មិនតែប៉ុណ្ណោះ ទីក្រុងតេហេរ៉ង់ក៏បានអះអាងដែរថានឹងបញ្ឈប់ការបង្កើនការចម្រាញ់អ៊ុយរ៉ាញ៉ូម ដោយត្រឡប់មកអនុវត្ត តាមកិច្ចព្រមព្រៀងឡើងវិញ ទាល់តែសហរដ្ឋអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចជាមុនសិន៕