(រ៉ង់ហ្គូន)៖ ក្រុមគ្រួសារសាច់ញាតិជាច្រើននាក់នៃជនរងគ្រោះ ដែលបានស្លាប់នៅក្នុងការបង្ក្រាប បាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានរៀបចំពិធីបុណ្យសពនៅថ្ងៃអង្គារនេះ ខណៈក្រុមបាតុករនៅតែបន្តធ្វើការតវ៉ា បើទោះជាចំនួនមនុស្សស្លាប់ បានកើនឡើងជារៀងរាល់ថ្ងៃក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។

ក្រៅពីគ្រួសារសាច់ញាតិ មនុស្សរាប់រយនាក់ផ្សេងទៀតក៏បានចូលរួម នៅក្នុងពិធីបុណ្យសពខាងលើផងដែរ ក្នុងនោះរួមមានទាំងពិធីបុណ្យសពរបស់និស្សិតពេទ្យម្នាក់ឈ្មោះ ខាន់ត៍ នីយ៉ា ហេន (Khant Nyar Hein) ដែលត្រូវបានសម្លាប់ នៅក្នុងបាតុកម្មតវ៉ានៅឯទីក្រុងរ៉ង់ហ្គូន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ «ទុកឱ្យពួកគេសម្លាប់ខ្ញុំ នៅពេលឥឡូវនេះចុះ, ទុកឱ្យពួកគេសម្លាប់ ខ្ញុំជំនួសកូនប្រុសរបស់ខ្ញុំទៅ ព្រោះខ្ញុំមិនចង់រស់ទៀតទេ»។ នេះគឺជាសម្រែកស្រែកយំរបស់ម្ដាយនិស្សិតឈ្មោះ Khant Nyar Hein នៅក្នុងវីដេអូមួយបង្ហោះលើ Facebook ដែលកំពុងដុតកំហឹងក្រុមបាតុករកាន់តែខ្លាំង។

ជាការឆ្លើយតបទៅនឹងស្ថានការណ៍បច្ចុប្បន្ននៅមីយ៉ាន់ម៉ា ប្រទេសបារាំងបាននិយាយថា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ សហភាពអឺរ៉ុប (EU) អាចនឹងអនុម័តលើការដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងនឹងរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា និងអ្នកនៅពីក្រោយការបង្រ្កាប យ៉ាងបង្ហូរឈាមលើក្រុមបាតុករ។ ក្រៅពី EU សហរដ្ឋអាមេរិក និងបណ្តាសម្ព័ន្ធមិត្តដទៃៗ ក៏កំពុងកៀរគរឲ្យមានទណ្ឌកម្ម ដាក់ទៅលើរបបយោធាមីយ៉ាន់ម៉ាផងដែរ។

បើតាមរបាយការណ៍ផ្លូវការពីអង្គការសហប្រជាជាតិ (UN) មនុស្សសរុប ១៤៩នាក់ហើយបានស្លាប់ គិតចាប់តាំងពីបាតុកម្មផ្ទុះឡើង ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈ។ ប៉ុន្តែក្រុមអ្នកតាមដាន និងផ្តល់ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) វិញបានអះអាងថា បាតុកររហូតដល់ទៅជាង ១៨០នាក់ឯណោះបានស្លាប់ ហើយក្នុងនោះ ៧៩នាក់បានស្លាប់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន៕