(ហ្វីឡាដែលហ្វៀ)៖ ប្រធានគណបក្សសាធារណរដ្ឋប្រចាំស្រុក ដេឡាវែរ (Delaware County) នៃរដ្ឋភែនស៊ីលវេនៀ (Pennsylvania) លោក ថូម៉ាស់ ម៉ាកហ្គារីហ្គល (Thomas McGarrigle) បាននិយាយថា កញ្ចប់ថវិកាសង្រ្គោះសេដ្ឋកិច្ចពី COVID-19 មានទំហំ ១.៩ទ្រីលានដុល្លារ របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន គ្រាន់តែជាការបង្ហាញពីរូបភាពល្អរបស់គណបក្ស ប្រជាធិបតេយ្យតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។

បើតាមលោក Thomas McGarrigle កញ្ចប់ថវិកាសង្រ្គោះសេដ្ឋកិច្ចពី COVID-19 របស់លោក ចូ បៃដិន មានទំហំលើសពីតម្រូវការចាំបាច់ ព្រោះវាក៏បានផ្ដល់ផលចំណេញ ដល់ប្រជាជនអាមេរិកមួយចំនួន ដែលមិនបានខកខានទទួលបានប្រាក់ខែ ឬប្រាក់ចំណូលរបស់ពួកគេនោះទេ កំឡុងការឆ្លងរាតត្បាត COVID-19។ តែទោះជាយ៉ាងណា លោក McGarrigle មិនមានគម្រោងធំដុំណាមួយ ដើម្បីរិះគន់លោក ចូ បៃដិន នៅពេលដែលលោកប្រធានាធិបតីអាមេរិករូបនេះ បំពេញដំណើរទស្សនកិច្ចមកកាន់ស្រុក Delaware នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីជំរុញ និងផ្សព្វផ្សាយបន្ថែម អំពីកញ្ចប់ថវិកាសង្រ្គោះសេដ្ឋកិច្ចរបស់លោក ដែលទើបតែត្រូវបានសភាទាំង ២ អនុម័តនោះឡើយ។

គួរបញ្ជាក់ថា កញ្ចប់ថវិកាសង្រ្គោះទំហំ ១.៩ទ្រីលានដុល្លារ ដែលត្រូវបានសភាទាំង ២ របស់សហរដ្ឋអាមេរិកអនុម័តរួចដែរនោះ គឺជាកញ្ចប់ថវិកាសង្រ្គោះ ដែលមានទំហំធំបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ហើយវាក៏ជាជ័យជម្នះធំធេងមួយ ជាលើកដំបូងសម្រាប់លោក បៃដិន ចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីខែមករាមកផងដែរ។

ក្នុងកញ្ចប់ថវិកាសង្រ្គោះដ៏ធំខាងលើ ក្នុងនោះរួមមាន ៤០០ពាន់លានដុល្លារ សម្រាប់ការផ្តល់ជាប្រាក់ឧបត្ថម្ភដោយផ្ទាល់ចំនួន ១,៤០០ដុល្លារ សម្រាប់ពលរដ្ឋអាមេរិកភាគច្រើន និង ៣៥០ពាន់លានដុល្លារទៀតជាជំនួយដល់រដ្ឋ និងរដ្ឋាភិបាល រួមទាំងផ្ដោតសំខាន់ ទៅលើការគំាទ្រសកម្មភាពចែកចាយវ៉ាក់សាំងផងដែរ៕