(រ៉ង់ហ្គូន)៖ របបយោធាមីយ៉ាន់ម៉ាបានរឹបអូសគណនីធនាគាររបស់មូលនិធិសង្គមបើកទូលាយហៅកាត់ថា OSF របស់មហាសេដ្ឋីលោក George Soros ហើយបានប្រកាសថា ខ្លួននឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័នមួយនេះ ពីបទរំលោភលើច្បាប់ដែលបានកំណត់លើសកម្មភាពរបស់អង្គការ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន the Irrawaddy នៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១។

កាលពីថ្ងៃចន្ទទូរទស្សន៍ MRTV ដែលគ្រប់គ្រងដោយយោធាបានប្រកាសថា យោធាបានចេញដីកាចាប់ខ្លួនបុគ្គលិកចំនួន១១នាក់ នៃអង្គការ OSF ក្នុងនោះរួមមានទាំងប្រធាន និងអនុប្រធានរបស់អង្គការនេះផងដែរ ពីបទសង្ស័យផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមបាតុករប្រឆាំងនឹងរបបយោធា។

របបនេះក៏បានអះអាងដែរថា អង្គការមួយនេះមិនបានទទួលការអនុញ្ញាតយល់ព្រមពីនាយកដ្ឋានគ្រប់គ្រងប្តូរប្រាក់បរទេសរបស់ធនាគារកណ្តាលមីយ៉ាន់ម៉ា សម្រាប់ប្រាក់បញ្ញើចំនួន៥លានដុល្លារអាមេរិក ជាមួយធនាគារអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៨ផងដែរ។

គួរបញ្ជាក់ថា របបយោធាក៏បានគ្រប់គ្រងទ្រព្យសម្បត្តិសរុបចំនួន ៣.៨១លានដុល្លារ និង ៣៧៥ លាន kyats នៅក្នុងគណនីធនាគាររបស់ OSF នៅឯធនាគារឯកជនចំនួន៤ រួមមានធនាគារ Kanbawza (KBZ) ធនាគារ Ayeyarwady Bank (AYA) ធនាគារ SMED និងធនាគារសហប្រតិបត្តិការ CB ផងដែរ៕