(ប៊ែកឡាំង)៖ និយតករឱសថសហភាពអឺរ៉ុបនិយាយថា គ្មានសញ្ញាណាមួយដែលបង្ហាញថា វ៉ាក់សាំង AstraZeneca គឺជាមូលហេតុបង្កឲ្យមានបញ្ហាកំណកឈាមនោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១។

លោក Emer Cooke នាយកប្រតិបត្តិនៃភ្នាក់ងារឱសថអឺរ៉ុប(EMA)បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះថា គណៈកម្មាធិការសុវត្ថិភាពរបស់ខ្លួន បានជួបប្រជុំគ្នាដើម្បីពិនិត្យឡើងវិញនូវរបាយការណ៍ស្តីអំពីបញ្ហាកំណកឈាម នៅក្នុងច ំណោមមនុស្សមួយចំនួន ដែលបានទទួលការចាក់វ៉ាក់សាំងនេះ ហើយលទ្ធផលជាបឋមបានបង្ហាញថា មិនមានសញ្ញាណាមួយដែលបញ្ចាក់ថា វា៉ក់សាំង AstraZeneca ជាមូលហេតុបង្ករឲ្យមានបញ្ហាសុខភាពនេះឡើយ។

ទោះជាយ៉ាងណា នាយកប្រតិបត្តិនៃភ្នាក់ងារឱសថអឺរ៉ុបរូបនេះបានគូសបញ្ជាក់ថា ទីភ្នាក់ងារឱសថអឺរ៉ុបបាននិងកំពុងធ្វើការវាយតម្លៃម្តងមួយករណីៗនៃឧប្បត្តិហេតុ ហើយសេចក្តីសន្និដ្ឋានចុងក្រោយត្រូវបានគេរំពឹងថា នឹងប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយនេះធ្វើឡើង បន្ទាប់ពីមានវិធានការណ៍បន្តបន្ទាប់គ្នាពីសំណាក់រដ្ឋជាសមាជិកសហភាពអឺរ៉ុបជាច្រើន បានផ្អាកការប្រើប្រាស់វ៉ាក់សាំងនេះដោយសារព្រួយបារម្ភពីបញ្ហាសុវត្ថិភាព៕