(វ៉ាស៉ីនតោន)៖ លោក អាន់ថូនី ហ្វាវស៉ី (Anthony Fauci) អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បាននិយាយដោយសង្ឃឹមថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចជំរុញអ្នកគាំទ្ររបស់លោកឱ្យមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងរាតត្បាត COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទូស្សន៍ Fox News កាលពីថ្ងៃអាទិត្យ លោក Fauci បានពិពណ៌នាអំពីឥទ្ធិពលរបស់លោកអតីតប្រធានាធិបតី ត្រាំ ទៅលើអ្នកគាំទ្ររបស់ លោកគឺជាកត្តាចលករមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង ប្រសិនបើលោកអតីតប្រធានាធិបតីរូបនេះលើកទឹកចិត្តពួកគេឲ្យមកទទួលការចាក់វ៉ាក់សាំងនេះ។

គួរបញ្ជាក់ថា បើតាមការស្ទង់មតិរបស់ទូរទស្សន៍ PBS NewsHour / NPR / Marist នាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញថា បុរសជនជាតិអាមេរិកជាងពាក់កណ្តាល ដែលបានកំណត់ខ្លួនឯងថាជាអ្នកសាធារណរដ្ឋ និងបាននិយាយថា ពួកគេមិនមានគម្រោងមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នេះទេ៕