(ប៉េកាំង)៖ ចិនកំពុងត្រៀមអនុញ្ញាតឲ្យជនបរទេសខ្លះ រួមមានទាំងសហរដ្ឋអាមេរិក ឥណ្ឌា និងប៉ាគីស្ថាន អាចចូលក្នុងប្រទេសខ្លួនបានវិញ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍដោយចិនផ្ទាល់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១។

ស្ថានទូតចិននៅតាមប្រទេសមួយចំនួន ទើបតែបានចេញសេចក្តីជូនដំណឹង ដែលបញ្ជាក់ថា ប្រទេសចិននឹងបើកទទួលពាក្យស្នើសុំទិដ្ឋាការ សម្រាប់អ្នកដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាមួយវ៉ាក់សាំងរបស់ចិន។ ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៉ីនតោន បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា ការទទួលពាក្យស្នើសុំទិដ្ឋាការ នឹងចាប់ផ្តើមពីសប្តាហ៍នេះទៅ សម្រាប់អ្នកដែលត្រូវធ្វើដំណើរទៅប្រទេសចិន ដើម្បីបន្តការងារឡើងវិញ ឬពាក់ព័ន្ធធុរកិច្ច ឬមួយក៏ត្រូវជួបជុំសមាជិកគ្រួសារឡើងវិញជាដើម។

យោងតាមស្ថានទូតដដែល អ្នកដែលអាចដាក់ពាក្យស្នើសុំបាន គឺគួរតែជាបុគ្គលដែលបានទទួលការចាក់វ៉ាក់សាំងគ្រប់ ២ដូស ឬក៏ ១ដូស តែមានរយៈពេលយ៉ាងហោច ១៤ថ្ងៃគិតមកទល់ពេលស្នើទិដ្ឋាការ។ ក្រៅពីស្ថានទូតចិននៅអាមេរិក ស្ថានទូតចិននៅប្រទេសមួយចំនួនទៀត ដូចជាឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន អ៉ីតាលី និងស្រីលង្កា ជាដើម ក៏បានសេចក្តីប្រកាសស្រដៀងគ្នាដែរ។ យ៉ាងណាក្តី ទោះជាត្រូវបានបើកឲ្យស្នើទិដ្ឋាការក៏ដោយ ជនបរទេសទាំងឡាយនឹងនៅតែតម្រូវឲ្យ អនុវត្តវិធានការចត្តាឡីស័កដដែល ពេលទៅដល់ប្រទេសចិន។

គួរបញ្ជាក់ថា ការសម្រេចជ្រើសរើសតែអ្នកទទួលបានការចាក់វ៉ាក់សាំង ដែលអភិវឌ្ឍឡើងដោយចិនផ្ទាល់បែបនេះ គឺគេសង្កេតឃើញថា ដោយសារតែវ៉ាក់សាំងមួយចំនួន ដែលអាជ្ញាធរសុខាភិបាលចិន បានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រទេសខ្លួន គឺសុទ្ធតែជាវ៉ាក់សាំងរបស់ចិនដូចគ្នា ដោយមិនទាន់មានវ៉ាក់សាំង COVID-19 របស់ប្រទេសណាមួយផ្សេងត្រូវបានអនុញ្ញាតឲ្យប្រើ នៅក្នុងប្រទេសចិននៅឡើយទេ៕