(ឡុងដ៍)៖ បណ្ដាប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមានទាំងអាល្លឺម៉ង់, បារាំង, អ៉ីតាលី និងអេស្ប៉ាញបាននាំគ្នាផ្អាកការ ប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca ដោយសារតែបារម្ភពីបញ្ហាសុវត្ថិភាព បន្ទាប់ពីមានសេចក្ដីរាយការណ៍កាលពីសប្ដាហ៍មុនថាមនុស្សមួយចំនួននៅក្នុងប្រទេស ដាណឺម៉ាក និងន័រវែសដែលបានចាក់វ៉ាក់សាំង AstraZeneca មានបញ្ហា «កំណកឈាម»

បណ្ដាប្រទេសអឺរ៉ុប ជាពិសេសគឺបារាំង តាមរយៈលោកប្រធានាធិបតី ម៉ាក្រុងបាននិយាយថានឹងចាប់ផ្ដើមចាក់វ៉ាក់សាំង AstraZeneca ឡើងវិញនៅពេលមានការអនុញាត ពីទីភ្នាក់ងារឱសថអឺរ៉ុប EMA ដែលគ្រោងនឹងចេញផ្សាយសេចក្ដីសម្រេចមួយក្នុងពេលឆាប់ៗនេះ។ តែយ៉ាងណាក៏ដោយ ទីភ្នាក់ងារឱសថអឺរ៉ុបកាលពីប៉ុន្មានថ្ងៃមុននេះ ធ្លាប់បានបញ្ជាក់ថាទិន្នន័យមានស្រាប់នៅក្នុងដៃមិនបានបង្ហាញថា «បញ្ហាកំណកឈាម» មានជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំងនោះទេ រីឯនិងអង្គការសុខភាពពិភពលោក WHO ក៏បានជំរុញឱ្យបន្តចាក់វ៉ាក់សាំង AstraZeneca ផងដែរ។

* បញ្ហាអ្វីជំរុញឱ្យប្រទេសជាច្រើនផ្អាកចាក់វ៉ាក់សាំង AstraZeneca?

ដាណឺម៉ាកជាប្រទេសដំបូងគេដែលប្រកាសផ្អាកការចាក់វ៉ាក់សាំង AstraZeneca កាលពីសប្ដាហ៍មុន ក្រោយមានសេចក្ដីរាយការណ៍ថា មនុស្សមួយចំនួនដែលបានចាក់វ៉ាក់សាំងមួយនេះមានបញ្ហា «កំណកឈាម» ក្នុងនោះរួមមានទាំងមនុស្សម្នាក់ ដែលមានបញ្ហាកំណកឈាមជាច្រើនកន្លែងនៃរាងកាយបានស្លាប់១០ថ្ងៃបន្ទាប់ពីរូបគេបាន ចាក់វ៉ាក់សាំងដូសដំបូង។ បញ្ហាស្រដៀងគ្នានេះក៏បានកើតឡើងនៅក្នុងប្រទេសន័វែសដែរ ជាទីដែលមនុស្ស៤នាក់ត្រូវបានគេរកឃើញថាមានបញ្ហាកំណកឈាម, ហូរឈាមខុសធម្មតា និងគោលិកាឈាមថយចុះ ហើយក្នុងចំណោមទាំង៤នាក់នេះមានពីរនាក់បានស្លាប់ដោយសារហូរឈាមក្នុងខួរក្បាល និង២នាក់ទៀត កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

*ប្រទេសណាខ្លះផ្អាកចាក់ AstraZeneca?

មកទល់នឹងពេលនេះ ក្រៅពីដាណឺម៉ាក និងន័រវែស ប្រទេសដែលបានសម្រេចចិត្តផ្អាកការចាក់វ៉ាក់សាំង AstraZeneca ជូនប្រជាជនរបស់ខ្លួនដែរនោះ រួមមានបារាំង, អាល្លឺម៉ង់, អ៉ីតាលី,អេស្ប៉ាញ, ព័រទុយហ្កាល់, ស្លូវេនី, ឥណ្ឌូណេស៊ី, ហូឡង់, អ៊ែរឡង់, ប៊ុលហ្គារី, រ៉ូម៉ានី, អ៉ីស្លង់ និងអូទ្រីស។ ប្រទេសថៃ ក៏បានសម្រេចចិត្តផ្អាកការចាក់ វ៉ាកសាំងអង់គ្លេសនេះមួយរយៈពេលខ្លីដែរ ក៏ប៉ុន្តែបានចាប់ផ្ដើមប្រើប្រាស់វ៉ាក់សាំងនេះឡើងវិញនៅថ្ងៃអង្គារនេះ ដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានទទួលការចាក់វ៉ាក់សាំង AstraZeneca ដូសដំបូងមុនគេ។

*អ្វីទៅជាកំណកឈាម ហើយវាបណ្ដាលមកពីកត្តាអ្វី?

កំណកឈាមគឺជាកកឈាមដែលអាចរារាំងស្ទះដល់ចរាចរណ៍នៃឈាម។ កំណកឈាមជាធម្មតា វាកើតឡើងនៅពេលមានរបួស និងរលាយទៅវិញនៅពេលរបួស ជាសះស្បើយ។ ពេលខ្លះក៏វាបង្កឡើងដោយជំងឺមួយចំនួនដែរដូចជាមហារីក, ថ្នាំមួយចំនួន, ការអង្គុយ ឬសម្រាកនៅលើគ្រែយូរពេក និងបញ្ហាហ្សែនជាដើម។ ក៏ប៉ុន្តែ ជួនកាល កំណកឈាមកើតឡើងដោយមិនមានរបួសនៅក្នុងសសៃឈាមនោះទេ ហើយវាក៏មិនប្រាកដថារលាយវិញដោយខ្លួនឯងទាំងអស់ឡើយនោះដែរ។ កំណកឈាម បែបនេះ កើតឡើង ក្នុង សរសៃ ឈាមវ៉ែន ជ្រៅៗ (Deep Vein Thrombosis, DVT) ហើយពេលវារបេះអណ្ដែតទៅបេះដូងហើយចូលទៅក្នុងសួត នោះវាអាចនឹងក្លាយ ទៅជាជំងឺគំរាមកំហែងដល់អាយុជីវិតមនុស្សដែលគេស្គាល់ថា «pulmonary embolism»

*វ៉ាក់សាំងអាចបង្កឱ្យមានកំណកឈាមដែរទេ?

បើតាមលោក ដានីញ៉ែល សាល់ម៉ុន (Daniel Salmon) ជានាយកវិទ្យាស្ថានសុវត្ថិភាពវ៉ាក់សាំងនៃសាកលវិទ្យាល័យ Johns Hopkins វ៉ាក់សាំងមិនដែលត្រូវគេប្រទះ ឃើញថាបង្កឱ្យមានកំណកឈាមនោះទេ។ ពោលគឺកំណកឈាមតែងតែកើតឡើងជាធម្មតាលើមនុស្សទូទៅ ដូច្នេះអ្នកជំនាញសុខាភិបាលភាគច្រើនយល់ថាករណី កំណកឈាមកើតឡើងនៅលើអ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca វាអាចជារឿងចៃដន្យ មិនមានជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំងឡើយ។

ទីភ្នាក់ងារឱសថអឺរ៉ុបបានបញ្ជាក់ថាទិន្នន័យមានស្រាប់នៅក្នុងដៃមិនបានបង្ហាញថា «បញ្ហាកំណកឈាម» មានជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំងនោះទេ ខណៈអង្គការ WHO នៅតែជំរុញឱ្យបន្តចាក់វ៉ាក់សាំង AstraZeneca ដដែល។ «យើងពិតជាមិនចង់ឱ្យមនុស្សមានការភ័យខ្លាចទេ ដូច្នេះយើងសូមផ្ដល់អនុសាសន៍ឱ្យបណ្ដាប្រទេសទាំងអស់ បន្តប្រើប្រាស់វ៉ាក់សាំង AstraZeneca»។ នេះជាការលើកឡើងរបស់លោកស្រី សូម៉ៃយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) ជានាយកផ្នែកវិទ្យាសាស្ត្រ នៃអង្គការ WHO កំឡុងសន្និសីទសារព័ត៌មានក្នុងទីក្រុងហ្សឺណែវ។

លោកស្រី សូម៉ៃយ៉ាបន្ថែមថាវ៉ាក់សាំង COVID-19 ច្រើនជាង៣០០លានដូសហើយ ត្រូវបានចាក់ជូនប្រជាជននៅជុំវិញពិភពលោក ដោយមិនមានភស្ដុតាងបញ្ជាក់ថា ការស្លាប់បណ្ដាលមកពីការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនណាមួយទេ។

*AstraZeneca ការពារប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងរបស់ខ្លួន

ក្រុមហ៊ុន AstraZeneca កាលពីថ្ងៃអាទិត្យកន្លងទៅនេះបាននិយាយថាការត្រួតពិនិត្យឡើងវិញលើទិន្នន័យសុវត្ថិភាពនៃមនុស្សដែលបានចាក់វ៉ាក់សាំង COVID-19 របស់ខ្លួន មិនបានបង្ហាញភស្ដុតាងណាមួយពីការកើនឡើងហានិភ័យនៃបញ្ហាកំណកឈាមក្នុងសសៃឈាម, ការស្ទះសសៃឈាមសួត ( pulmonary embolism) ឬក៏ ការស្ទះសសៃឈាមវ៉ែននោះឡើយ។ ការត្រួតពិនិត្យរបស់ក្រុមហ៊ុន AstraZeneca គឺគ្របដណ្ដប់លើមនុស្សច្រើនជាង ១៧លាននាក់ដែលបានចាក់វ៉ាក់សាំង នៅក្នុងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។

នៅចក្រភពអង់គ្លេស វ៉ាក់សាំង AstraZeneca ១១លានដូសហើយត្រូវបានចាក់ជូនប្រជាជនអង់គ្លេស ហើយអ្នកត្រូវបានគេរាយការណ៍ថាមានបញ្ហាកំណកឈាមបន្ទាប់ពី ចាក់វ៉ាក់សាំងនេះរួច មានតែ១១នាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា AstraZeneca គឺជាវ៉ាក់សាំង COVID-19 អភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស។ វ៉ាក់សាងនេះត្រូវ បានអង្គការសុខភាពពិភពលោក WHO អនុម័តឱ្យប្រើប្រាស់បន្ទាន់កាលពីឆ្នាំកុម្ភៈ ឆ្នាំ២០២១នេះ៕

ប្រភព៖ New York Times (ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១)