(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក ណូប៊ូ គីស៉ី (Nobuo Kishi) និងរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយដ៍ អសស្ទី (Lloyd Austin) នាថ្ងៃ នៅថ្ងៃអង្គារនេះ បានរួមគ្នាសម្តែងការប្តេជ្ញាចិត្ត ដើម្បីបន្តពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១។

កំឡុងកិច្ចពិភាក្សាគ្នារវាងរដ្ឋមន្រ្តីទាំងពីរ ដែលប្រព្រឹត្តទៅនៅទីក្រុងតូក្យូនៃប្រទេសជប៉ុន លោក Kishi បានសង្កត់ធ្ងន់ថា ការបំពេញដំណើរ ទស្សនកិច្ចជាលើកដំបូងនៅបរទេសរបស់លោក Austin ក្នុងនាមជាប្រមុខការពារជាតិរបស់សហរដ្ឋអាមេរិក គឺជាសារដ៏មានអត្ថន័យមួយ ដែលឆ្លុះបញ្ជាំងឲ្យឃើញពីភាពរឹងមាំខ្លាំងក្លា នៃសម្ព័ន្ធភាពជប៉ុន-អាមេរិក។ រីឯ លោក Austin បានថ្លែងវិញថា សម្ព័ន្ធភាពអាមេរិក-ជប៉ុន គឺជាសសរគ្រឹះសម្រាប់ការថែរក្សាសេរីភាពនិងការបើកចំហ នៃតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ព្រមទាំងសម្រាប់ការទប់ទល់នឹងការគំរាមកំហែងផ្សេងៗ។

ក្នុងថ្ងៃអង្គារដដែលនេះ លោក Austin ព្រមទាំងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីងខិន (Antony Blinken) ក៏បានបើកកិច្ចប្រជុំ ក្នុងទម្រង់ពីរបូកពីរ ជាមួយសមភាគីជប៉ុន ដើម្បីពិភាក្សាអំពីបញ្ហាទាក់ទងទៅនឹងការពង្រឹងទំនាក់ទំនងយោធា ក៏ដូចជាការបរទេសជាមួយទីក្រុងតូក្យូ ហើយនិងសកម្មភាពរបស់ចិននៅតាមតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូងផងដែរ។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីអាមេរិកកំពូលៗទាំងពីររូបនៃរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទស្សនកិច្ចដ៏សំខាន់ៗនេះ ក្រោមគោលដៅពង្រឹងសម្ព័ន្ធភាពឲ្យកាន់តែរឹងមាំ ជាមួយជប៉ុននិងកូរ៉េខាងត្បូង នៅចំពោះមុខការកើនឡើងនៃឥទ្ធិពលរបស់ចិន ដែលជះផលប៉ះពាល់មកលើអំណាចសហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក៕