(ម៉ានីល)៖ ចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ រដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីន នឹងចេញគោលការណ៍ហាមអ្នកដែលមានអាយុក្រោយ១៨ឆ្នាំ ចាកចេញពីផ្ទះ សម្រាប់រយៈពេល០២សប្តាហ៍នេះ ស្របពេលដែលអាជ្ញាធរហ្វីលីពីនកំពុងប្រឹងប្រែងពង្រឹងវិធានការការពារ ដើម្បីព្យាយាមទប់ទល់ការស្ទុះឡើងខ្លាំងនៃករណីឆ្លងថ្មីៗនៃ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១។

អាជ្ញាធរទីក្រុងម៉ានីលបានប្រកាសថា សម្រាប់តែអ្នកមានវ័យពី១៨-៦៥ឆ្នាំប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាតឲ្យចាកចេញពីលំនៅឋានបាន។ កាលពីអំឡុងចុងឆ្នាំ២០២០ ប្រទេសហ្វីលីពីនបានចាប់ផ្តើមបន្ធូរបន្ថយវិធានការទប់ស្កាត់ COVID-19 ដែលមានភាពតឹងរ៉ឹងខ្លាំង និងមានរយៈពេលយ៉ាងយូររបស់ខ្លួន តាមរយៈគោលការណ៍មួយគឺ អ្នកមានវ័យក្រោម១៥ឆ្នាំ មិនត្រូវអនុញ្ញាតឲ្យចេញពីផ្ទះឡើយ នៅក្នុងរដ្ឋធានីម៉ានីល។

គួរបញ្ជាក់ថា បម្រាមគោចរពេលយប់ ក៏ត្រូវបានដាក់ឲ្យអនុវត្តឡើងវិញកាលពីថ្ងៃចន្ទសប្តាហ៍នេះ សម្រាប់រយៈពេល០២សប្តាហ៍ នៅក្នុងតំបន់ Metropolitan Manila ផងដែរ ដែលជាកន្លែងមានការឆ្លងរាលដាលខ្លាំង និងមានមនុស្សរស់នៅជាង១២លាននាក់។ ក្នុងខែមីនានេះ ហ្វីលីពីនបានមើលឃើញអត្រាឆ្លងរាតត្បាតនៃ COVID-19 កើនឡើងខ្លាំងក្លាបំផុត បើគិតចាប់តាំងពីខែសីហា ឆ្នាំមុនមក ៕