(ប៉េកាំង)៖ យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនកាលពីថ្ងៃទី១៥ ខែមីនា បានបង្ហាញថា ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំនេះ ការវិនិយោគទៅលើទ្រព្យសម្បត្តិថេរនៅទូទាំងប្រទេសចិន បានកើនឡើង៣៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ ហើយទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គម បានកើនឡើង ៣៣.៨ ភាគរយ រីឯតម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំ នៅទូទាំងប្រទេស បានកើនឡើង ៣៥.១ភាគរយ។ល។


សូចនាករសំខាន់ៗនៅខែមករា-កុម្ភៈ ឆ្នាំនេះ សុទ្ធតែបានលេចចេញកំណើនខ្ពស់។ សេដ្ឋកិច្ចចិនបានរក្សានិន្នាការងើបឡើងវិញ ជាបន្តបន្ទាប់ ដែលប្រការនេះបង្ហាញម្តងទៀតថា ស្ថានភាពជាមូលដ្ឋាននៃសេដ្ឋកិច្ចចិន ដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរ គឺមិនកែប្រែនោះទេ ហើយក៏បង្ហាញដែរថា តាំងពីត្រីមាសទី២ ឆ្នាំ ២០២០ មកទល់ឥឡូវ វិធានការពាក់ព័ន្ធរបស់ប្រទេសចិន ក្នុងជំរុញដោយឯកភាពនូវការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម នៅតែបង្ហាញពីប្រសិទ្ធភាពដដែល។

ទោះបីជាការរីករាលដាលនៃជំងឺឆ្លង ដែលមានលក្ខណៈរាយប៉ាយ បានកើតឡើងក្នុងតំបន់មួយចំនួននៅឆ្នាំនេះក៏ដោយ ក៏ប៉ុន្តែវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាល នៃជំងឺឆ្លងដ៏ខ្លាំងក្លារបស់ប្រទេសចិន និងការអនុវត្តគោលនយោបាយម៉ាក្រូ ប្រកបដោយប្រសិទ្ធិភាព បានដើរតួនាទីគាំទ្រយ៉ាងសំខាន់ចំពោះការពង្រឹងនិន្នាការ នៃការស្តារសេដ្ឋកិច្ចឡើងវិញ ដែលបានមកដោយមិនងាយនោះទេ។

ឧទាហរណ៍ ដូចជា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២១ រដ្ឋបាលតំបន់ជាច្រើន នៃប្រទេសចិនបានដាក់ចេញគំនិតផ្តួចផ្តើម ដោយអំពាវនាវប្រជាពលរដ្ឋឱ្យចូលឆ្នាំថ្មីចិននៅតំបន់ធ្វើការ ប្រការនេះមិនត្រឹមតែមានអំណោយផលដល់ការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងប៉ុណ្ណោះទេ ថែមទាំងក៏ជំរុញការកើនឡើងវិញនៃសូចនាករ ដូចជា ការលើកកម្ពស់ផលិតកម្មឧស្សាហកម្ម និងផ្តល់ថាមវ័ន្តបន្ថែមដល់ផលិតកម្មឧស្សាហកម្ម ជាដើមផងដែរ។

ព្រមពេលជាមួយគ្នានេះ ការកែលម្អបរិយាកាសខាងក្រៅ ក៏បានរួមចំណែកដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចចិនផងដែរ។ ទន្ទឹមនឹងការចែកចាយនិងចាក់វ៉ាក់សាំងកូវីដ១៩ នៅទូទាំងពិភពលោក សន្ទស្សន៍រីកចម្រើននៃឧស្សាហកម្មផលិតកម្ម នៃអង្គភាពសេដ្ឋកិច្ចសំខាន់ៗបានកើនឡើងវិញដែលបានជំរុញដល់កំណើននៃការនាំចេញរបស់ចិន។ ឧទាហរណ៍ ដូចជា ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំនេះ ទំហំនាំចេញរបស់ចិនទៅកាន់អាស៊ានបានកើនឡើងជាង ៤០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ ហើយទំហំនាំចេញទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងជាង ៧០ភាគរយ។

ប្រការដែលគួរឱ្យលើកឡើងនោះគឺ ក្នុងដំណើរការនៃកំណើនប្រកបដោយលក្ខណៈស្តារឡើងវិញនៃសេដ្ឋកិច្ចចិន កម្លាំងចលករនៃការច្នៃប្រឌិតថ្មី នៅតែត្រូវបង្កើនឡើងដោយនឹងនរ។ ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំនេះ តម្លៃបន្ថែមក្នុងមុខរបរបច្ចេកវិទ្យាខ្ពស់ បានកើនឡើងជាមធ្យម ១៣ភាគរយក្នុងរយៈពេល ២ឆ្នាំកន្លងទៅ ហើយតម្លៃបន្ថែមក្នុងមុខរបរផលិតគ្រឿងបរិក្ខារ បានកើនឡើង ១០.២ភាគរយ។ ល្បឿនកំណើនទាំងពីរនេះ គឺខ្ពស់ជាងល្បឿនកំណើន ៨.១ភាគរយរបស់ឧស្សាហកម្មធុនមធ្យមនិងធំជាទូទៅ។

លើសពីនេះទៅទៀត ផលិតផលថ្មីក៏កំពុងរីកចម្រើនធំធាត់ឡើងឥតឈប់ឈរផងដែរ។ បរិមាណផលិតផលនៃផលិតផលថ្មី ដូចជា រថយន្តដើរដោយថាមពលថ្មី និងមនុស្សយន្តឧស្សាហកម្មជាដើម មានល្បឿនកំណើនជាមធ្យមដល់ទៅជាង ៣០ភាគរយ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ។ វាមិនពិបាកនឹងមើលឃើញថា កំណើនប្រកបដោយលក្ខណៈស្តារឡើងវិញនៃសេដ្ឋកិច្ចចិន កំពុងបោះជំហានទៅរកគោលដៅ នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិន ដែលទើបបញ្ចប់បានរំលឹកឡើងវិញថា នឹងរក្សានិរន្តរភាព និងស្ថិរភាពនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ត្រូវបន្តជួយឧបត្ថម្ភសហគ្រាសតទៅទៀត ក៏ដូចជារក្សាការអុនវត្តគោលនយោបាយ ដោយរលូនផងដែរ។ ប្រការនេះនឹងនាំមកនូវការរំពឹងទុក និងជំនឿចិត្តកាន់តែច្រើនដល់តួអង្គសំខាន់ៗក្នុងទីផ្សារ។

នាពេលបច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺឆ្លងនៅតែមិនទាន់បញ្ចប់នៅឡើយទេ ហើយបរិយាកាសអន្តរជាតិនៅតែពោរពេញទៅដោយ ភាពមិនប្រាកដប្រជាដដែល។ យ៉ាងណាមិញ បើមើលពីស្ថានភាពសេដ្ឋកិច្ចក្នុងខែមករានិងកុម្ភៈ ឆ្នាំនេះអាចឃើញថា ល័ក្ខខ័ណ្ឌមានអំណោយផលដល់ ការអភិវឌ្ឍសេដ្ឋកិច្ចចិនកំពុងកើនឡើងជាបណ្តើរៗ ហើយអាចបន្តរក្សានន្នាការងើបឡើងវិញតទៅទៀត និងបង្វែងទៅរកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ឥតឈប់ឈរ៕