(បារីស)៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានមានប្រសាសន៍ថា បារាំងសម្រេចផ្អាកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ដើម្បីជាវិធានការបង្ការទុកជាមុនចំពោះក្តីបារម្ភជុំវិញបញ្ហាសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅយប់ថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។

លោក Macron បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទនេះថា អាជ្ញាធរសុខាភិបាលបារាំងបានសម្រេចចិត្តព្យួរការប្រើប្រាស់វ៉ាក់សាំង AstraZeneca យ៉ាងហោចណាស់រហូតដល់រសៀលថ្ងៃអង្គារសប្តាហ៍នេះ នៅពេលដែលទីភ្នាក់ងារឱសថអឺរ៉ុបនឹងចេញអនុសាសន៍ចុងក្រោយរបស់ខ្លួនជុំវិញវ៉ាក់សាំងនេះ។ ប៉ុន្តែទោះយ៉ាងណា លោកមិនបានពន្យល់ពីមូលហេតុនៃការសម្រេចចិត្តនេះទេ។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះដែរប្រទេសផ្សេងទៀតរួមទាំងប្រទេសអាល្លឺម៉ង់ផងដែរ ក៏បានសម្រេចផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាបណ្តោះអាសន្នផងដែរ ដើម្បីជាវិធានការបង្ការទុកជាមុន ចំពេលមានរបាយការណ៍ថា មានមនុស្សមួយចំនួនមានបញ្ហាកំណកឈាម(blood clots)បន្ទាប់ពីពួកគេទទួលចាក់វ៉ាក់សាំងនេះរួច៕