(គួឡាឡាំពួរ)៖ រដ្ឋមន្រ្តីសម្របសម្រួលកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសម៉ាឡេស៊ីនឹងចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំង ដែលផលិតឡើងដោយក្រុមហ៊ុនចិន Sinovac ជូនប្រជាជនរបស់ខ្លួនក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។

រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតម៉ាឡេស៊ី លោក ខៃរី ហ្សាម៉ាលូដឌីន (Khairy Jamaluddin)បានគូសបញ្ជាក់ថា វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុនចិន Sinovac នឹងត្រូវចាប់ផ្តើមចែកចាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយខ្លួនលោកនឹងក្លាយជាមនុស្សដំបូងគេ ដែលទទួលចាក់វ៉ាក់សាំងនេះនៅរដ្ឋ Negeri Sembilan។

លោកបានមានប្រសាសន៍ថា «យើងនឹងចាប់ផ្តើមចាក់វ៉ាក់សាំង ដោយប្រើប្រាស់វ៉ាក់សាំង Sinovac នៅមន្ទីរពេទ្យ Rembau។ ខ្ញុំនឹងក្លាយជាអ្នកដំបូងគេដែលទទួលវ៉ាក់សាំងនេះ»

គួរបញ្ជាក់ថា ម៉ាឡេស៊ីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសខ្លួន កាលពីថ្ងៃទី២៤ ខែមីនា ជាមួយការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer ដែលមានក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ជាដៃគូអភិវឌ្ឍន៍ ដើម្បីគ្រប់គ្រងស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 ហើយព្យាយាមជួយស្រោចស្រង់សេដ្ឋកិច្ចវិញ។

ប្រទេសអាស៊ានមួយនេះមានគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនប្រជាជនឲ្យបានយ៉ាងហោច ៨០ភាគរយ នៃចំនួនប្រជាជនសរុបប្រមាណជា ៣២លាននាក់ នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២២៕