(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ចំនួន ៥,៤០៤នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល០៧ខែមកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។

ក្នុងរយៈពេលដូចគ្នានេះ ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ១២,៨៣៧នាក់ផងដែរ បន្ទាប់ពីអ្នកជំងឺ០៨នាក់ទៀតបានស្លាប់ ដោយសារវីរុសឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ ដោយឡែកចំនួនអ្នកជំងឺដែលបានជាសះស្បើយ សរុបកើនឡើងដល់ ៥៦០,៥៧៧នាក់។

គួរបញ្ជាក់ថា នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហ្វីលីពីនដែលមានប្រជាជនសរុប ១១០លាននាក់ កំពុងជួបប្រទះនឹងរលកថ្មីនៃការឆ្លងរីករាលដាល COVID-19 ស្រដៀងទៅនឹងកាលពីខែកក្កដា ដល់ខែសីហាឆ្នាំ២០២០កន្លងទៅដែរ ដែលនៅពេលនោះករណីឆ្លងប្រចាំងថ្ងៃបានឡើងដល់កំពូល៕