(ប៉េកាំង)៖ ក្រុមអ្នកវិទ្យសាស្រ្តចិនទើបតែបានប្រកាសឲ្យដឹងថា ពួកគេបានថតយករូបភាពមួយចំនួននៃស្រទាប់ ខូរ៉ូណា (Corona) របស់ព្រះអាទិត្យ តាមរយៈការប្រើប្រាស់ប្រព័ន្ធតេឡេស្កូបមួយ ដែលអភិវឌ្ឍឡើងដោយប្រទេសចិនផ្ទាល់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។

ឧបករណ៍តេឡេស្កូបម៉្យាងហៅថា ខូរ៉ូណាហ្គ្រាហ្វ (Coronagraph) គឺត្រូវបានអ្នកវិទ្យាសាស្រ្តរចនាឡើងជាពិសេស ដើម្បីរាំងខ្ទប់ការពន្លឺជះចេញមកពីផ្ទៃរបស់ព្រះអាទិត្យ ក្រោមគោលដៅអនុញ្ញាតឲ្យពួកគេ អាចអង្កេតមើលបានច្បាស់ទៅលើស្រទាប់ Corona ដែលជាស្រទាប់ក្រៅបំផុតរបស់ព្រះអាទិត្យ។ តេឡេស្កូប Coronagraph ដែលចិនបានអភិវឌ្ឍឡើងដោយខ្លួនឯង មានអង្កត់ផ្ចិត (caliber) ប្រមាណ ៥០មីលីម៉ែត្រ និងមានទីតាំងស្ថិតនៅលើភ្នំមួយកម្ពស់ជិត ៤,៨០០ម៉ែត្រក្នុងខេត្ត ស៊ីឈាន់ (Sichuan) ភាគនីរតីប្រទេសចិន។

ក្រោយចំណាយពេលរាប់ឆ្នាំក្នុងការជ្រើសរើសទីតាំង និងការសាងសង់តេឡេស្កូបខាងលើ ទីបំផុតក្រុមអ្នកវិទ្យាសាស្រ្តចិនបានប្រើប្រាស់វា ហើយបានអង្កេតមើលស្រទាប់ Corona របស់ព្រះអាទិត្យបានយ៉ាងច្បាស់ កាលពីចុងខែកុម្ភៈកន្លងទៅ ខណៈក្នុងខែមីនានេះផ្ទាល់ ពួកគេក៏បានបញ្ចេញរូបភាពមួយចំនួន ស្រដៀងនឹងរូបភាពបាតុភូតសូរ្យគ្រាស ដែលថតបានដោយប្រើប្រាស់តេឡេស្កូប Coronagraph នេះផងដែរ។

អ្នកវិទ្យាសាស្រ្តចិនបាននិយាយថា ការសម្រេចបានតេឡេស្កូបខាងលើ គឺជាការចាប់ផ្តើមដ៏ប្រសើរមួយ ហើយអាចផ្តល់ជាបទពិសោធន៍ សម្រាប់ឆ្ពោះទៅអភិវឌ្ឍ Coronagraph ធំៗ និងកាន់តែមានសមត្ថភាពខ្ពស់ថែមទៀត នាពេលខាងមុខ នៅក្នុងប្រទេសចិន។ នៅខ្ទង់ខែសីហា និងខែកញ្ញាខាងមុខ ក្រុមអ្នកវិទ្យាសាស្រ្តចិន គ្រោងបំពាក់តេឡេស្កូបខាងលើ នៅលើបាឡុងមួយ ដែលនឹងអណ្តែតនៅកម្ពស់ ២០-១០០គីឡូម៉ែត្រពីផ្ទៃផែនដី ដើម្បីធ្វើការអង្កេតនិងសិក្សាឲ្យលម្អិតថែមទៀត អំពីស្រទាប់ Corona របស់ព្រះអាទិត្យ៕