(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧៨នាក់បន្ថែមទៀត ខណៈអ្នកជំងឺម្នាក់ទៀតបានស្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។

ជំនួយការអ្នកនាំពាក្យ CCSA លោកស្រី អភិសាម៉ៃ ស្រីរាំងសុន (Apisamai Srirangson) បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៧៤ករណីជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៣៩ករណី ត្រូវបានរកឃើញនៅខេត្ត សាមុត សាខន (Samut Sakhon), ២៣ករណីនៅទីក្រុង បាងកក (Bangkok), ០៩ករណីនៅខេត្ត តាក (Tak), ០១ករណីនៅខេត្ត ផាទុម ថានី (Pathum Thani), ០១ករណីនៅខេត្ត សាមុត ប្រាកាន (Samut Prakan), និង ០១ករណីទៀតនៅខេត្ត ស៊ូផាន់ បុរី (Suphan Buri)។ ចំណែកឯ ០៤ករណីផ្សេងទៀត ជាករណីនាំចូល ត្រូវបានរកឃើញនៅលើអ្នកដំណើរ ដែលបានវិលត្រលប់មកពីបរទេសវិញ។

លោកស្រី Apisamai Srirangson បានគូសបញ្ជាក់បន្ថែមថា អ្នកជំងឺម្នាក់ដែលត្រូវបានរាយការណ៍ថាស្លាប់ គឺជាបុរសអាយុ ៨៨ឆ្នាំ ដែលរស់នៅជិតផ្សារ ផនផាត់ (Pornpat) ស្រុក ថានីយ៉ាបុរី (Thanyaburi) នៃខេត្ត Pathum Thani។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៧,០០៥ករណី ក្នុងនោះមានអ្នកស្លាប់ ៨៧នាក់ និងអ្នកជាសះស្បើយឡើងវិញ ២៦,១៥៤នាក់៕