(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិ បានចេញផ្សាយរបាយការណ៍ ដោយថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះអាមេរិកដែលបានជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃយ៉ាងកម្រោល ក្នុងរយៈពេលជាយូរដែលបានលូកដៃចូលក្នុងប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ជាដើម ហើយបានប្រើប្រាស់គ្រប់មធ្យោបាយ សម្រាប់ដាក់ទណ្ឌកម្មដោយឯកតោភាគី ទៅលើប្រទេសពាក់ព័ន្ធ បានរំលោភសិទ្ធិមនុស្សនៃប្រជាជន ប្រទេសទាំងនេះយ៉ាងធ្ងន់ធ្ងរ។

ព្រមពេលជាមួយគ្នានេះ តំណាងនៃប្រទេសជាង ៩០ បានបញ្ចេញមតិក្នុងកិច្ចប្រជុំលើកនេះ ដើម្បីផ្តល់ការគាំទ្រដល់ប្រទេសចិន ហើយគាំទ្រប្រទេសចិនក្នុងការអនុវត្ត «ប្រទេសមួយប្រព័ន្ធគ្រប់គ្រង់ពីរ» នៅតំបន់រដ្ឋបាលពិសេសហុងកុង ព្រមទាំងដាស់តឿនភាគីពាក់ព័ន្ធ គោរពអធិបតេយ្យភាពរបស់ប្រទេសចិនយ៉ាងប្រាកដប្រជា បញ្ឈប់ជ្រៀតជ្រែកកិច្ចការហុងកុង និងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនភ្លាម។
នៅថ្ងៃទី១១ ខែមីនា កិច្ចប្រជុំលើកទីបួននៃមហាសន្និបាត សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានបោះឆ្នោតអនុម័តលើ «សេចកី្តសម្រេចចិត្តរបស់មហាសន្និបាត សភាតំណាងប្រជាជនទូទាំងប្រទេសចិន ស្តីពីការធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុង មានសុក្រឹតភាព» ដោយសំឡេងគាំទ្រជាច្រើន ហើយបានធ្វើការរៀបចំចាត់ចែងខាងប្រព័ន្ធរដ្ឋធម្មនុញ្ញ អំពីការងារធ្វើឱ្យប្រព័ន្ធបោះឆ្នោត នៃតំបន់រដ្ឋបាលពិសេសហុងកុងមានសុក្រឹតភាព។

ប៉ុន្តែគួរឱ្យសោកស្តាយណាស់ អ្នកនយោបាយនៃប្រទេសលោកខាងលិច ដូចជាអាមេរិក និងអង់គ្លេសជាដើម បែរជាលាបព័ណ៌លើប្រទេសចិនម្តងទៀត ហើយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន តាមតែទំនើងចិត្ត។ រដ្ឋមន្រ្តីការបរទេសនៃប្រទេស G7 និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប បានផ្សាយសេចក្តីថ្លែងការណ៍រួម ដោយថ្កោលទោសសេចកី្តសម្រេចចិត្តនេះបាន «បំភានប្រជាធិបតេយ្យ» និង «បំផ្លិចបំផ្លាញដល់ស្វ័យភាពខ្ពស់របស់ហុងកុង ដែលស្ថិតនៅក្រោលគោលការណ៍ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»។ ប៉ុន្តែ អ្នកដែលយល់ដឹងពីប្រវតិ្តសាស្ត្រ និងសភាពការជាក់ស្តែងរបស់ហុងកុង នាពេលបច្ចុប្បន្ន សុទ្ធតែអាចមើលឃើញយ៉ាងច្បាស់ថា ការថ្កោលទោសទាំងនេះគឺគ្មានហេតុផល និងនិយាយតែផ្តេសតែផ្តាសសុទ្ធសាធ ។

ក្នុងរយៈពេលជាយូរណាស់មកហើយ ដោយពឹងផ្អែកលើកម្លាំងខាងសេដ្ឋកិច្ច និងយោធាដ៏ខ្លាំងក្លារបស់ខ្លួន អាមេរិក និងប្រទេសលោកខាងលិចបានជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតយ៉ាងកម្រោល និងអនុវត្តអនុត្តរភាពនិយមដោយយក «ប្រជាធិបតេយ្យ» និង «សេរីភាព» ជាលេស ប្រការទាំងនេះគឺជារឿងដែលមនុស្សទូទៅ បានជ្រាបស្រាប់ហើយនោះ។
នាពេលថ្មីៗកន្លងទៅនេះ ពេលផ្តល់បទសម្ភាសន៍ជាមួយកាសែត le figaro នៃប្រទេសបារាំង លោក Hubert Védrine អតីតរដ្ឋមន្ត្រីការបរទេសនៃប្រទេសបារាំងបានថ្លែងថា លោកខាងលិចគួរតែរំលឹកពីកំហុសរបស់ខ្លួន ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ក្នុងរយៈពេលរាប់សិបឆ្នាំចុងក្រោយនេះ ព្រមទាំង «រួមរស់នៅដោយសន្តិភាព» ជាមួយប្រទេសដទៃទៀតជាថ្មីឡើងវិញ។

ប្រឈមនឹងអនុត្តរភាពនិយមរបស់អាមេរិក និងលោកខាងលិច ប្រទេសកាន់តែច្រើនឡើងៗបានមើលឃើញយ៉ាងច្បាស់ នូវមុខមាត់ពិតប្រាកដរបស់អាមេរិក និងលោកខាងលិច ហើយហ៊ាននិយាយទេ និងបញ្ចេញសំឡេងរបស់ខ្លួន។ សច្ចយុត្តិធម៌មិនដែលអវត្តមាននោះទេ សច្ចធម៌គឺស្ថិតក្នុងដួងចិត្តរបស់មនុស្ស! បើសិនជាប្រទេសពាក់ព័ន្ធ បន្តធ្វើតាមតែទំនើងចិត្តរបស់ខ្លួនជាបន្តទៀត នោះពិតជានឹងរងការថ្កោលទោសពីប្រទេសកាន់តែច្រើន រហូតដល់ក្លាយជាគ្រោះចង្រៃ សម្រាប់បង្កភាពវឹកវរទៀតផង៕