(វ៉ាស៉ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក អាន់ថូនី ហ្វាវស៉ី (Anthony Fauci) នៅថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា អាជ្ញាធរអាមេរិកកំពុងពិចារណាលើការកាត់បន្ថយ វិធានការរក្សាគម្លាតសុវត្ថិភាពមកនៅត្រឹម ៣ហ្វីត (១ម៉ែត្រ) ពីគ្នាវិញ ដែលនេះជាការផ្លាស់ប្តូរនៃវិធានការដ៏សំខាន់មួយ ចំពោះមុខកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។

លោក Fauci បានគូសបញ្ជាក់ថា ក្រុមអ្នកជំនាញនៅមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ (CDC) កំពុងធ្វើការថ្លឹងថ្លែង និងត្រួតពិនិត្យមើលយ៉ាងហ្មត់ចត់ ទៅលើការសិក្សារបស់រដ្ឋម៉ាស្សាឈូសេត (Massachusetts) ដែលបានរកឃើញថា «មិនមានភាពខុសគ្នាខ្លាំងទេ» ចំពោះការរកឃើញនូវករណីឆ្លងជំងឺ COVID-19 នៅក្នុងសាលារៀន បើទោះបីជាពួកគេបានអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព ៦ហ្វីត (ពីរម៉ែត្រ) ឬ ៣ហ្វីត (១ម៉ែត្រ) ពីគ្នាក៏ដោយ។

លោក Fauci បានគូសបញ្ជាក់បន្ថែមថា «វិធានការរក្សាគម្លាតសុវត្ថិភាព ៣ហ្វីតពីគ្នាពិតជាល្មមគ្រប់គ្រាន់ ក្នុងការការពារការឆ្លងរីករាលដាលនៃជំងឺ COVID-19 ពិតប្រាកដណាស់» ប៉ុន្តែលោកបានព្រមានថា CDC នៅតែកំពុងថ្លឹងថ្លែង និងត្រួតពិនិត្យមើលយ៉ាងហ្មត់ចត់ទៅលើទិន្នន័យ និងការធ្វើតេស្តផ្ទាល់របស់ខ្លួន ហើយលទ្ធផលនឹងចេញឲ្យដឹងនាពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា វិធានរក្សាគម្លាតសុវត្ថិភាពពីរម៉ែត្រពីគ្នា គឺជាវិធានការសកលមួយ ដែលត្រូវបានគេអនុម័តជាទូទៅ ដើម្បីការពារការឆ្លងរីករាលដាល នៃជំងឺឆ្លងដ៏កាចសាហាវមួយនេះ រួមជាមួយនឹងការពាក់ម៉ាស និងការលាងសម្អាតដៃ ឲ្យបានញឹកញាប់ជាដើមផងដែរ៕