(រ៉ង់ហ្គូន)៖ ស្ថានទូតចិនប្រចាំនៅប្រទេសមីយ៉ាន់ម៉ា បានប្រកាសឱ្យដឹងថា បុគ្គលិកចិនជាច្រើននាក់បានរងរបួស និងបានជាប់គាំងនៅក្នុងរោងចក្រមួយចំនួន ដែលស្ថិតនៅក្នុងតំបន់ ហ្លេង ថាយ៉ា (Hlaing Tharyar) នៃទីក្រុងរ៉ង់ហ្គូន (Yangon) ប្រទេសមីយ៉ាន់ម៉ា ខណៈដែលរោងចក្រទាំងនោះត្រូវបានគេលួចប្លន់ និងដុតបំផ្លាញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍នៅលើគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិនខាងលើនេះបានគូសបញ្ជាក់ថា ស្ថានទូតបានស្នើសុំឱ្យមានការធានាសន្តិសុខឱ្យបានឆាប់រហ័ស ដោយបានរៀបរាប់អំពីស្ថានភាពនោះថា «មានសភាពធ្ងន់ធ្ងរណាស់» ខណៈរោងចក្ររបស់ក្រុមហ៊ុនចិនមួយចំនួន ត្រូវបានគេលួចប្លន់ និងដុតបំផ្លាញ ហើយបុគ្គលិកចិនជាច្រើនបានរងរបួស និងបានជាប់គាំងនៅក្នុងនោះ។

សេចក្ដីថ្លែងការណ៍ដដែលនោះ បានគូសបញ្ជាក់បន្ថែមថា ប្រទេសចិនក៏បានទទូចឱ្យប្រទេសមីយ៉ាន់ម៉ា ចាត់វិធានដែលប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដើម្បីបញ្ឈប់រាល់អំពើហិង្សា និងដាក់ទណ្ឌកម្មលើជនល្មើសស្របទៅតាមច្បាប់ និងធានាឱ្យបាននៅសុវត្ថិភាព អាយុជីវិត ព្រមទាំងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងបុគ្គលិកចិន ដែលនៅក្នុងប្រទេសមីយ៉ាន់ម៉ាឱ្យបានល្អផងដែរ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានដកស្រង់ សម្តីប្រជាពលរដ្ឋដែលនិយាយថា រោងចក្រចំនួន ០៣ ស្ថិតនៅក្នុងសង្កាត់ Hlaing Tharyar ត្រូវបានគេដុតបំផ្លាញ។ បើតាមសារព័ត៌មានចិន CGTN បានចុះផ្សាយថា គេនៅមិនច្បាស់ថា តើរោងចក្រដែលត្រូវបានគេដុតបំផ្លាញទាំងនោះ មានរួមបញ្ចូលទាំងរោងចក្រកាត់ដេរសំលៀកបំពាក់ ដែលផ្តល់ហិរញ្ញប្បទានដោយចិនចំនួន ០២ទៀតដែរ ឬមួយយ៉ាងណាឡើយ៕