(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនមានផែនការបិទបញ្ចប់វិធានការប្រកាសអាសន្នប្រឆាំង COVID-19 នៅក្នុងទីក្រុងតូក្យូ និងតំបន់នៅក្បែរខាង នៅថ្ងៃទី២១ ខែមីនាខាងមុខនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១។

សារព័ត៌មានសិនកៃ (Sankei) ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្រុមមន្ត្រីជប៉ុន បានឱ្យដឹងថារដ្ឋាភិបាលជប៉ុនត្រូវបានរំពឹងថាអាចនឹងធ្វើការសម្រេចចិត្តខាងលើ នៅក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីទីប្រឹក្សានៅថ្ងៃទី១៨ ខែមីនានេះ។ សិនកៃបានបន្ថែមទៀតថាការសម្រេចចិត្តថានឹងបិទបញ្ចប់វិធានការប្រកាសអាសន្នប្រឆាំង COVID-19 នៅក្នុងទីក្រុងតូក្យូ និងតំបន់នៅក្បែរខាង ធ្វើឡើងដោយសារតែចំនួនអ្នកជំងឺ COVID-19 ថយចុះបន្តិចម្ដងៗ។ ក៏ប៉ុន្តែខាងរដ្ឋាភិបាលជប៉ុនមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទៅនឹង ការចុះផ្សាយរបស់សារព័ត៌មានសិនកៃនោះទេ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ជប៉ុនមានអ្នកឆ្លង COVID-19 សរុប ៤៤៥,៥៨៥នាក់ ក្នុងនោះស្លាប់ ៨,៥០៩នាក់ និងជាសះស្បើយឡើងវិញ ៤២៤,៦៨៥នាក់៕