(ហាវ៉ៃ)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថាដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់អាស៊ី មានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងលើកកម្ពស់យុទ្ធសាស្ត្រកំញើញប្រឆាំងនឹងចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១។

លោក Lloyd Austin ធ្វើការកត់សម្គាល់បែបនេះកំឡុងចាប់ផ្ដើមបំពេញដំណើរទស្ស នកិច្ចទៅកាន់ទីបញ្ជាការយោធាអាមេរិកនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រចាំរដ្ឋហាវ៉ៃ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ ថ្លែងប្រាស់អ្នកសារព័ត៌មាន ប្រមុខមន្ទីរបញ្ចកោណរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «គោលបំណងរបស់យើង គឺធ្វើឱ្យ ប្រាកដថាយើងមានសមត្ថភាព និងមានផែនការប្រតិបត្តិការនានា...ដើម្បីអាចបង្កើតយុទ្ធសាស្ត្រដ៏គួរឱ្យទុកចិត្តកំញើញចិន ឬអ្នកទាំងឡាយណាដែលចង់ប្រឆាំង ឬប្រឈមមុខជាមួយសហរដ្ឋអាមេរិក»។ លោក Austin បន្ថែមទៀតថាខណៈសហរដ្ឋអាមេរិកបានផ្ដោតជាសំខាន់លើការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករនៅក្នុងតំបន់ មជ្ឈិមបូព៌ា ចិនបានឆ្លៀតឱកាសធ្វើទំនើបកម្មយោធារបស់ខ្លួនយ៉ាងលឿនរហ័សបំផុត។

គួរបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅរដ្ឋហាវ៉ៃ លោក Lloyd Austin នឹងចូលរួមជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បំពេញទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល នៅសប្ដាហ៍ក្រោយនេះ ហើយនេះគឺជាដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីជាលើកដំបូងរបស់លោក Austin ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិអាមេរិក៕